NBC គ្រោងដាក់ឲ្យដំណើរការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code ជាមួយប្រទេសវៀតណាម និងឡាវ

default

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ធ​នាគារជាតិនៃកម្ពុជា(NBC)គ្រោងដាក់ឲ្យដំណើរការ ការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធ QR Code ជាមួយប្រទេសវៀតណាម និងប្រទេសឡាវ ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការដាក់ឲ្យប្រើប្រាស់ការទូទាត់ឆ្លងដែន រវាងកម្ពុជា-ថៃ។

លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានឲ្យដឹងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រាក់រៀលចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង​” កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានបន្ដថា បន្ដបន្ទាប់ទៅនេះធនាគារជាតិ នៃកម្ពុជា នឹងបន្ដសហការជាមួយ បណ្ដាប្រទេសក្នុងតំបន់ ដើម្បីដាក់ឲ្យដំណើរការ ការទូទាត់ឆ្លងដែនតាមប្រព័ន្ធQR Code នេះឲ្យកាន់តែទូលំទូលាយ។

លោកស្រី ជា សិរី បានថ្លែងឲ្យដឹងថា “ប្រព័ន្ធបាគង មានមុខងារជាច្រើន ក្នុងការផ្ទេរប្រាក់ទៅគ្រប់ធនាគារនៅកម្ពុជា ដោយអាចចាយប្រាក់តាមរយៈប្រព័ន្ធ QR Code នៅក្នុងប្រទេសថៃបាន”។លោកស្រីបានបន្តថា “ធនាគារជាតិនៃកម្ពុជា នឹងសហការជាមួយប្រទេសឡាវ, វៀតណាម និងប្រទេសផ្សេងៗទៀតក្នុងតំបន់ ដើម្បីដាក់ឲ្យប្រើប្រាស់ការទូទាត់ឆ្លងដែន តាមរយៈឞ្រព័ន្ធ QR Code ប្រទេសដែលគម្រោងនឹងធ្វើបន្ទាប់ពីប្រទេសថៃ គឺប្រទេសឡាវ និងប្រទេសវៀតណាម”។

លោកស្រីបានបន្តថា​ ចំពោះការភ្ជាប់ប្រព័ន្ធQR Code រវាងបណ្ដាប្រទេសក្នុងតំបន់ អាចអនុញ្ញាតឲ្យចំពោះសាធារណជន មានគណនីជាប្រាក់រៀល និងចាយជាប្រាក់រៀលប៉ុណ្ណោះ ចំពោះការប្រើប្រាស់ប្រាក់ដុល្លារ មិនអាចទូទាត់ឆ្លងដែនបានឡើយ។

ដោយឡែកចំពោះទេសចរបរទេស ក៏អាចចាយប្រាក់នៅកម្ពុជា បានលុះត្រាតែអាជីវករលក់នៅកម្ពុជា លក់ទំនិញដាក់តម្លៃជាប្រាក់រៀល ទូទាត់ថវិកាជាប្រាក់រៀល និងមាន QR Code ស្កេនជាប្រាក់រៀល ទើបទេសចរទាំងនោះអាចចាយប្រាក់ និងទូទាត់បានតាមរយៈប្រព័ន្ធ QR Code នេះ។

លោកស្រីជា សិរី បានបញ្ជាក់ថា “ទាំងនេះជាកត្តាជំរុញមួយផ្នែកធំ ក្នុងការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែផុសផុលបន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here