សកម្មភាពទិញ-លក់ក្នុងវិស័យអចលនទ្រព្យ ចាប់ផ្តើមកម្រើកឡើងនៅត្រីមាសទី៤នេះ

ដោយ៖ វុទ្ធី
ភ្នំពេញ ៖ ការទិញ-លក់អចលនទ្រព្យនៅពេលបច្ចុប្បន្ននេះត្រូវបានមើលឃើញថា មានការកម្រើកឡើងវិញ ស្របពេលអ្នកជំនាញ ដែលកំពុងប្រតិបត្តិនៅក្នុងវិស័យនេះ អះអាងថា នៅដើមត្រីមាសទី៤នេះ សកម្មភាពទិញ-លក់នៅតែមាន ហើយភាគច្រើននៅតំបន់ភាគខាងត្បូងនៃរាធានីភ្នំពេញមានសន្ទុះខ្លាំងជាងគេ។

លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា បើប្រៀបធៀបពេលបច្ចប្បន្នទៅនឹងពេលដែលជំងឺកូវីដផ្ទុះឡើងពីខែ១រហូតដល់ខែ៦ដំបូង ឃើញថា ចលនានៃការទិញ-លក់វិស័យអចលនទ្រព្យទាំងមូលមានការងើបឡើងវិញ។

លោក បានថ្លែងថា “បើយើងបែងចែកឱ្យដាច់ការទិញ-លក់ ដីឡូត៍ ផ្ទះល្វែង ខុនដូ ចលនានៃការទិញ-លក់គឺខុសគ្នា។ សម្រាប់តម្រូវការដីឡូត៍ និងបុរី គឺមានការងើបឡើងវិញ ប៉ុន្តែមិនទាន់ដូចដើមវិញនោះទេ បើប្រៀបនឹងឆ្នាំមុន ។ ប៉ុន្តែទីផ្សារខុនដូ វិញបែរជាងើបឡើង ដោយសារប្រជាជនខ្មែរ ចាប់ផ្តើមទិញខុនដូ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានបន្ថែមថា ពីដើមឡើយទីផ្សារខុនដូ ផ្ដោតសំខាន់លើជនបរទេសជាងអតិថិជនក្នុងស្រុក តែក្នុងសម័យកាលកូវីដនេះ បានបង្រៀនឱ្យអ្នកអភិវឌ្ឃន៍ ដែលធ្លាប់តែពឹងផ្អែកលើបរទេស ងាកមកចាប់យកអតិថិជនក្នុងស្រុកវិញ”។

ទោះបីជាយ៉ាងណាក៏ដោយ លោក ម៉ម សិរីបញ្ញា នាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment Co, Ltd បាននិយាយថា ការទិញលក់មិនសូវជាផុលផុសប៉ុន្មានទេ ដូចជារៀងស្ងាត់។

លោក បន្តថា បច្ចុប្បន្នតំបន់ចំនួន២ ដែលមានការទិញលក់ច្រើនជាងគេគឺ តំបន់បឹងស្នោរ និងមហាវិថីសម្ដេចតេជោ ហ៊ុន សែន ( ផ្លូវ៦០ម៉ែត្រ )៕

LEAVE A REPLY

Please enter your comment!
Please enter your name here