ទំហំជួញដូរមូលបត្រ​នៅកម្ពុជាបានដាំក្បាលចុះមកត្រឹម៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានឲ្យដឹងថា ទំហំជួញដូរមូលបត្រ​បានធ្លាក់ចុះពី៥០ម៉ឺនដុល្លារ មក៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ នៅដើមឆ្នាំ២០២៣នេះ។

បើទោះបីមានការធ្លាក់ចុះទំហំជួញដូរក្តី តែលោកនៅមានក្តីសង្ឃឹមថា ការជួញដូរមូលបត្រ នឹងសម្រេចបានទំហំជួញដូរ១០០លានដុល្លារនៅឆ្នាំ២០៣០។

ថ្លែងប្រាប់បណ្តាញព័ត៌មាន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហុង សុហួរ បានឱ្យដឹងថា ៤ខែដំបូងឆ្នាំ២០២៣នេះ ទំហំជួញដូរមូលបត្រ​ជាមធ្យមប្រចាំថ្ងៃ នៅក្នុងទីផ្សារមូលបត្រនៅកម្ពុជា បានថយចុះពី៥០ម៉ឺនដុល្លារ កាលពីឆ្នាំ២០២២ មកដល់រង្វង់៣០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃនៅក្នុងឆ្នាំ២០២៣ ដោយសារវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានគូសបញ្ជាក់ថា ការធ្លាក់ចុះទំហំជួញដូរនៅដើមឆ្នាំ២០២៣ ដោយសារនៅឆ្នាំនេះ មិនទាន់មានការជួញដូរទំហំធំៗ ដែលមានតម្លៃលើសពី១លានដុល្លារនៅឡើយ​ ខណៈកាលពីឆ្នាំ២០២២ ការជួញដូរមូលបត្រដែលមានតម្លៃ លើសពី១លានមានចំនួ​នច្រើនគួរឱ្យកត់សម្គាល់។

តែយ៉ាងណា លោកចាត់ទុកថា ការធ្លាក់ចុះទំហំជួញពី៥០ម៉ឺនដុល្លារ ដល់៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃនេះ មិនមែនជាការធ្លាក់ចុះគួរឱ្យបារម្ភនោះទេ ព្រោះសកម្មភាពទីផ្សារ កាន់តែមានភាពមមាញឹកជាងមុន ​គឺនៅពេលមានការជួញដូរទំហំតូចៗច្រើន នឹងធ្វើឱ្យទីផ្សារមានសន្ទនីយភាព ពោលគឺអ្នកទិញ និងអ្នកលក់ធ្វើការទិញលក់ងាយស្រួល​។

លោកលើកឡើងថា ការឈានជើងចូលទីផ្សាររបស់ក្រុមហ៊ុនធំៗចំនួន២ គឺ​ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី និងក្រុមហ៊ុន សេលកាត របស់អ្នកឧកញ៉ា គិត ម៉េង ដែល​អាចនឹងមកចុះបញ្ជីនៅខែក្រោយនេះ ​នឹងជំរុញការជួញដូរបានកាន់​តែច្រើន ជាពិសេសការជួញដូរក្នុងទំហំតូច និងមធ្យម ព្រោះក្រុមហ៊ុនទាំងពីរ​ហាក់មានការចាប់អារម្មណ៍ច្រើន ពី​ក្នុងចំណោមអ្នកវិនិយោគតូចៗ និងមធ្យម។

លោកបន្ថែមថា ខណៈស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅមានភាពស្រពិចស្រពិល​​ ដែលធ្វើទំហំជួញមិនអាចកើនឡើងដល់១លានដុល្លារក្នុងឆ្នាំ២០២៣នេះ ឬឈាន១០០លានដុល្លារនៅឆ្នាំ២០៣០ក៏ដោយ តែយ៉ាងណា CSX រួមនឹងអ្នកពាក់ព័ន្ធនឹងព្យាយាមខិតខំ ដើម្បី​ឱ្យ៧ឆ្នាំទៀត សម្រេចបាននូវគោលដៅ ១០០លានដុល្លារក្នុងមួយថ្ងៃនៅឆ្នាំ២០៣០​។

បច្ចុប្បន្ននៅផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចំនួន១៨បានចុះបញ្ជីបោះផ្សាយលក់​មូលបត្រ ក្នុងនោះ៩ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល៕

LEAVE A REPLY

Please enter your comment!
Please enter your name here