ហាងឆេងមាសធ្លាក់ថ្លៃចុះជិតដល់កម្រិតទាបក្នុងរយៈពេល២ខែ ស្របពេលមានសុទិដ្ឋិនិយមលើកិច្ចព្រមព្រៀងបំណុលអាមេរិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃមាសបានធ្លាក់ថ្លៃនៅក្នុងការជួញដូរនៅតំបន់អាស៊ីដំបូងនៅថ្ងៃអង្គារនេះ ដោយបន្តនៅជិតកម្រិតទាបរយៈពេលពីរខែ ដោយសារសុទិដ្ឋិនិយមលើកិច្ចព្រមព្រៀងពិដានបំណុលរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងប្រាក់ដុល្លារដ៏រឹងមាំបានកាត់បន្ថយភាពទាក់ទាញរបស់មាស។

តម្លៃមាស Spot Gold បានធ្លាក់ចុះមកត្រឹម១៩៤២,១៦ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0020 GMT ដែលមិនខុសឆ្ងាយពីកម្រិតធ្លាក់ចុះរយៈពេលពីរខែកាលពីថ្ងៃសុក្រ។ មាសរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ០,១% មកនៅត្រឹម១៩៤១,៨ដុល្លារ។

ចំណែកឯ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានរក្សាភាពរឹងមាំ ដែលធ្វើឱ្យដុំមាសមានភាពទាក់ទាញតិចជាងមុនសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងៗទៀតក្រៅពីលុយដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអះអាងកាលពីថ្ងៃចន្ទថា លោកមានអារម្មណ៍ល្អចំពោះទស្សនវិស័យសម្រាប់ការអនុម័តដោយសភានៃកិច្ចព្រមព្រៀងពិដានបំណុលដែលលោកបានសម្រេចឈានដល់ជាគោលការណ៍ជាមួយប្រធានសភាតំណាងលោក Kevin McCarthy ។

ទោះជាយ៉ាងណាក្តី សមាជិកសភាគណបក្សសាធារណរដ្ឋមួយក្តាប់តូចបានអះអាងថា ពួកគេនឹងប្រឆាំងនឹងកិច្ចព្រមព្រៀងមួយដើម្បីបង្កើនកម្រិតបំណុលចំនួន៣១,៤ពាន់ពាន់លានដុល្លារ។ ការផ្តោតអារម្មណ៍ពេលនេះងាកទៅរកការអនុម័តកិច្ចព្រមព្រៀងតាមរយៈសភាឱ្យបានមុនថ្ងៃទី៥ ខែមិថុនាខាងមុខ។

ប្រធានធនាគារ Federal Reserve Bank of Minneapolis លោក Neel Kashkari ព្រួយបារម្ភអំពីហានិភ័យជាប្រព័ន្ធ។  ប៉ុន្តែឥឡូវនេះ ក្នុងនាមជាអ្នកបង្កើតគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក លោកព្រួយបារម្ភកាន់តែខ្លាំងអំពីអតិផរណា។

នៅក្នុងទីផ្សាររូបវន្ត ការនាំចូលសុទ្ធទៅកាន់ប្រទេសប្រើប្រាស់មាសកំពូលរបស់ពិភពលោកគឺប្រទេសចិនបានកើនឡើងដល់៤៩,៩០៦តោនក្នុងខែមេសា ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ហើយធៀបនឹង៤៧,៥២៧តោនដែលបាននាំចូលក្នុងខែមីនា។

តម្លៃ Spot silver បានធ្លាក់ចុះ០,២% ដល់២៣,១៥ដុល្លារក្នុងមួយអោន ខណៈផ្លាទីនបានហក់ឡើងថ្លៃ០,២% ដល់១០២៧,០២ដុល្លារក្នុងមួយអោន ហើយ palladium ហក់ឡើងថ្លៃ១,២% ដល់១៤៣១,៧១ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here