ផ្សារហ៊ុនភាគច្រើននៅតំបន់អាសុីហក់ឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ

ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីភាគច្រើនហក់ឡើងថ្លៃនៅថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគរីករាយដល់ការរំពឹងទុកដែលថា សហរដ្ឋអាមេរិកនឹងអាចបញ្ចៀសផុតពីការខកខានទូទាត់សងបំណុលរបស់ខ្លួន។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានហក់ឡើងថ្លៃ០,៤ភាគរយនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីភាគហ៊ុនរបស់សហរដ្ឋអាមេរិកត្រូវបានបិទការជួញដូរកាលពីថ្ងៃចន្ទសម្រាប់ថ្ងៃបុណ្យនៃការចងចាំ។

ផ្សារហ៊ុនអូស្ត្រាលីបានហក់ឡើង០,០៣% ខណៈពេលដែលសន្ទស្សន៍ភាគហ៊ុន Nikkei បានដាំក្បាលចុះ០,២៨% ពោលគឺធ្លាក់ចុះបន្តិច បន្ទាប់ពីសន្ទស្សន៍គោលរបស់ជប៉ុនបានហក់ឡើងដល់កម្រិតខ្ពស់រយៈពេល៣៣ឆ្នាំ ដោយសារសុទិដ្ឋិនិយមលើកិច្ចព្រមព្រៀងបំណុលរបស់សហរដ្ឋអាមេរិក និងការធ្លាក់ថ្លៃរបស់ប្រាក់យ៉េន បានជួយដល់ក្រុមហ៊ុននាំចេញរបស់ប្រទេសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានហក់ឡើង០,៣១ភាគរយ ខណៈដែលសន្ទស្សន៍ CSI300 របស់ចិនដាំក្បាលចុះ០,០៦ភាគរយ។

អត្រារតនាគារអាមេរិកបានហក់ឡើងនៅថ្ងៃអង្គារនេះ ខណៈដែលក្រុមពាណិជ្ជករមូលបត្របំណុលបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀង ដើម្បីព្យួរដែនកំណត់នៃការខ្ចីប្រាក់របស់ទីក្រុងវ៉ាស៊ីនតោន។

ប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃ០,០២ភាគរយនៅថ្ងៃអង្គារនេះ ធៀបនឹងប្រាក់យ៉េន ដោយ១ដុល្លារស្មើនឹង១៤០,៤៧យ៉េន ប៉ុន្តែស្ថិតនៅខាងក្រោមតម្លៃដែលបានជួញដូរខ្ពស់បំផុតប្រចាំឆ្នាំ១៤០,៩១យ៉េនក្នុងមួយដុល្លារកាលពីថ្ងៃចន្ទម្សិលមិញនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here