ផ្សារហ៊ុនជប៉ុន Nikkei ហក់ឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩០ ដោយសារសុទិដ្ឋិនិយមចំពោះពិដានបំណុលអាមេរិក

ដោយ៖ សុខុម

តូក្យូ: ផ្សារហ៊ុនជប៉ុន Nikkei នៅថ្ងៃច័ន្ទ ទី២៩ ខែឧសភា នេះបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែកក្កដា ឆ្នាំ១៩៩០ ដោយសារសុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងជុំវិញពិដានបំណុល (Debt Ceiling) របស់សហរដ្ឋអាមេរិក និងប្រាក់យ៉េន ធ្លាក់ថ្លៃ។

ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីបជប៉ុន បានបន្តហក់ឡើង បន្ទាប់ពីភាគហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI បានហក់ឡើងស្រឺតៗនៅសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញ Wall Street លើទឹកដីសហរដ្ឋអាមេរិក។

ភាគហ៊ុននៅផ្សារហ៊ុន Nikkei បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានដល់៣១.៥៦០,៤៣យ៉េន ក្នុង១ហ៊ុនក្នុងរយៈពេល១០នាទីដំបូងនៃការជួញដូរក្នុងថ្ងៃនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានថ្លែងកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា លោកឈានដល់កិច្ចព្រមព្រៀងថវិកាជាមួយប្រធានសភា លោក Kevin McCarthy ហើយកិច្ចព្រមព្រៀងនេះបានត្រៀមរួចរាល់សម្រាប់បញ្ជូនទៅកាន់សភាសម្រាប់ការបោះឆ្នោតអនុម័ត។

ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះបានធ្វើឱ្យមានការខឹងសម្បារពីសំណាក់សមាជិកគណបក្សសាធារណរដ្ឋដែលប្រកាន់មាំ និងសមាជិកគណបក្សប្រជាធិបតេយ្យដែលប្រកាន់គំនិតជឿនលឿនទៅមុខ។   

លោកស្រី Maki Sawada អ្នកយុទ្ធសាស្រ្តនៅក្រុមហ៊ុនមូលបត្រ Nomura Securities បានលើកឡើងថា “កិច្ចព្រមព្រៀងនេះមិនទាន់ឈានដល់ការសម្រេចជាផ្លូវការនៅឡើយទេ ដូច្នេះនៅមានហានិភ័យនៅឡើយ។ ប៉ុន្តែការព្រមព្រៀងជាមូលដ្ឋាននេះបានកាត់បន្ថយហានិភ័យ ហើយភាគីទាំងពីរបានប្តេជ្ញាចិត្តបញ្ចៀសការខកខានទូទាត់បំណុលជាលក្ខណៈបច្ចេកទេស (Technical Default)”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here