ចំនួនគណនីជួញដូរនៅលើផ្សារមូលបត្រកម្ពុជា CSX កំពុងកើនឡើងខ្លាំងនៅក្នុងរយៈពេល៤ខែដំបូង

ដោយ: គង់ លាងហួរ

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់មួយរូបបានលើកឡើងថា ចំនួនគណនីជួញដូរនៅផ្សារមូលបត្រកម្ពុជា (CSX) កំពុងតែកើនឡើង ដែលការជួញដូរភាគច្រើនមានទំហំតូច ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃចំណាប់អារម្មណ៍របស់សាធារណជន និងអ្នកវិនិយោគថ្មីនៅក្នុងទីផ្សារភាគហ៊ុនក្នុងស្រុក។

លោក ហុង សុហួរ នាយកប្រតិបត្តិនៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាមានការថយចុះនៃទំហំពាណិជ្ជកម្មមកត្រឹម៣០០.០០០ដុល្លារក្នុងមួយថ្ងៃយ៉ាងណាក្តី ប៉ុន្តែចំនួនគណនីជួញដូរនៅលើផ្សារហ៊ុន CSX បានកើនឡើងដល់ជាមធ្យម៤០.០០០គណនី នៅក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បន្ត​ថា​ “ទោះ​បី​ជា​មាន​ភាព​មិន​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណាក្តី ប៉ុន្តែ CSX នៅ​តែ​ស្ថិត​នៅ​លើ​ផ្លូវ​សម្រាប់​កំណើន​វិជ្ជមាន។  ចំនួនគណនីជួញដូរបានកើនឡើងយ៉ាងខ្លាំងដល់៤០.០០០គណនី ក្នុងរយៈពេលបួនខែដំបូង”។

នាយកប្រតិបត្តិផ្សារមូលបត្រកម្ពុជារូបនេះបានឱ្យដឹងទៀតថា ចំនួនគណនីជួញដូរជាមធ្យមត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៥០.០០០គណនីនៅចុងឆ្នាំ២០២៣នេះ។

លោក ហុង សុហួរ បានបញ្ជាក់ថា “ការកើនឡើងចំនួនគណនីជួញដូរ ទោះបីជាមានទំហំវិនិយោគតូចក្តី ប៉ុន្តែវាឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍របស់សាធារណៈដែលកំពុងកើនឡើងនៅក្នុងទីផ្សារភាគហ៊ុន។

យោងតាមផ្សារហ៊ុន ​​CSX បានឱ្យដឹងថា មានការបើកគណនីថ្មីជាមធ្យមចំនួ១.០០០គណនីក្នុងមួយថ្ងៃក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៣នេះ ដែលកើនឡើងពីការបើកគណនីថ្មីជាមធ្យមចំនួន២០០គណនីក្នុងមួយថ្ងៃក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ CSX បានកំណត់ទិសដៅទំហំពាណិជ្ជកម្មប្រចាំថ្ងៃចំនួន១០០លានដុល្លារនៅឆ្នាំ២០៣០ នៅពេលដែលកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។

CSX ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2012 ជាសហគ្រាសសាធារណៈដែលមានភាគហ៊ុន៥៥ភាគរយកាន់កាប់ដោយរដ្ឋាភិបាលកម្ពុជា និងភាគហ៊ុនដែលនៅសល់កាន់កាប់ដោយក្រុមហ៊ុន Korea Exchange ៕

LEAVE A REPLY

Please enter your comment!
Please enter your name here