សេចក្ដីព្រាងច្បាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន បានដាក់ឆ្លងគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៣ ខែឧសភា បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីពិភាក្សា និងការពារលើសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ASEAN TRADE IN SERVICES AGREEMENT – ATISA)

ជាលទ្ធផល សេចក្តីព្រាងច្បាប់នេះ ត្រូវបានអង្គប្រជុំសម្តែងនូវការគាំទ្រទាំងស្រុង និងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីដាក់ចូលក្នុងរបៀបវារៈ សម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីនិនសាផុនប្រធានគណៈកម្មាការទី៩និងជាសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍បានជម្រាបជូនអង្គប្រជុំអំពីការពិនិត្យនិងសិក្សាលម្អិតលើអត្ថបទសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ានដែលជាលទ្ធផលឃើញថាសេចក្តីព្រាងច្បាប់នេះបានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញច្បាប់និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា។

ជាការឆ្លើយតបលោករដ្ឋមន្រ្តីបានបំភ្លឺនិងជម្រាបជូនអង្គប្រជុំនូវគោលបំណងខ្លឹមសារក៏ដូចជាអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាននឹងផ្តល់អត្ថប្រយោជន៍សម្រាប់កម្ពុជានៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។លោកបានបញ្ជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ានត្រូវបានចរចាបង្កើតឡើងក្នុងគោលបំណងពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនិងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងបង្កើនការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្មដោយបង្កើតទីផ្សារនិងសេដ្ឋកិច្ចកាន់តែទូលំទូលាយតាមរយៈការកាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម។

លើសពីនេះទៀតកិច្ចព្រមព្រៀងនេះនឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកអាស៊ានទាំងអស់តាមរយៈការលើកកម្ពស់និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយ័តកម្មការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្សនិងការបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូតូចនិងមធ្យមក្នុងសកម្មភាពពាណិជ្ជកម្មសេវាកម្មក៏ដូចជាការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ានដើម្បីសម្រេចបាននូវសមភាពតុល្យភាពនិងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកស្រីប្រធាន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់លោករដ្ឋមន្រ្តី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ដែលបានអនុវត្តភារកិច្ចជំនាញយ៉ាងសកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here