ភាគហ៊ុនជប៉ុន ហក់ឡើងស្រឺតៗមិនធ្លាប់មានក្នុងពេល៣៣ឆ្នាំ ខណៈវិនិយោគិនទូទាំងពិភពលោកសាទរការកែប្រែអភិបាលកិច្ច

ដោយ៖ សុខុម

ហុងកុង: សន្ទស្សន៍ផ្សារហ៊ុនជប៉ុន Nikkei Stock Average កាលពីសប្ដាហ៍មុនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩០ ខណៈវិនិយោគិនទូទាំងពិភពលោកបង្ហាញការសាទរចំពោះការកែប្រែអភិបាលកិច្ចក្នុងទីផ្សារនេះ។

បន្ទាប់ពីទទួលរងការខាតបង់អស់រយៈពេល៣ទសវត្សរ៍ ពិភពលោកពេលនេះកំពុងតែឃ្លាំមើលផ្សារហ៊ុនជប៉ុន យ៉ាងយកចិត្តទុកដាក់។ នេះបើយោងតាមសារព័ត៌មាន NIKKEI Asia ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២២ ខែឧសភា។

លោកស្រី Miyuki Kashima ប្រធានផ្នែកវិនិយោគជប៉ុន នៅក្រុមហ៊ុនហិរញ្ញវត្ថុ Fidelity International បានធ្វើការកត់សម្គាល់ពីស្ថានភាពផ្លាស់ប្តូរនេះ ខណៈលោកស្រីសម្ដែងការស្វាគមន៍ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទកាសែតតាមអ៊ីនធឺណិតកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមអ្នកនាំពាក្យឱ្យដឹងថា លោកស្រី Miyuki Kashima គឺជានាយកគ្រប់គ្រងមូលនិធិដំបូងគេ ដែលបានតស៊ូប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់ចំពោះភាគហ៊ុនជប៉ុន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

លោកស្រីបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា “សូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាយ៉ាងជ្រាលជ្រៅសម្រាប់ការមកស្តាប់អំពីស្ថានភាពភាគហ៊ុន ដែលពីដើមមកជាទ្រព្យសកម្មមិនពេញនិយមបំផុតមួយក្នុងពិភពលោក”។

ថ្លែងមួយថ្ងៃមុនពេលសន្ទស្សន៍គោលសម្រាប់ផ្សារហ៊ុនជប៉ុន បានបិទបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ក្នុងតម្លៃ៣០.៨០៨,៣៥យ៉េន ដែលជាការបិទបញ្ចប់ការជួញដូរខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល៣៣ឆ្នាំមកនេះ លោកស្រីលើកឡើងថា “មានលទ្ធភាពខ្ពស់ដែលភាគហ៊ុនជប៉ុន នឹងដំណើរការយ៉ាងល្អក្នុងរយៈពេលវែង”។

យោងតាមការស្រាវជ្រាវរបស់សារព័ត៌មាន NIKKEI Asia បង្ហាញថា ប្រាក់ចំណេញសុទ្ធសម្រាប់ក្រុមហ៊ុនចំនួន១.០៦៧នៅលើផ្សារហ៊ុនលំដាប់ទី១ Tokyo Stock Exchange ដែលចេញផ្សាយទិន្នន័យប្រៀបធៀប ត្រូវគេរំពឹងថានឹងកើនឡើង២%សម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៤ ដែលជាកម្រិតខ្ពស់បំផុតសម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា។

ទន្ទឹមនេះ ភាគលាភ និងការទិញភាគហ៊ុនត្រលប់មកវិញក៏កំពុងតែកើនឡើងផងដែរ៕ 

ប្រភព៖ NIKKEI Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here