ផ្សារហ៊ុននៅតំបន់អាសុី និងប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃខ្លាំងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានហក់ឡើងដល់កម្រិតខ្ពស់រយៈពេល២សប្តាហ៍នៅថ្ងៃអង្គារនេះ ដោយសារវឌ្ឍនភាពឆ្ពោះទៅរកការជៀសវាងពីការខកខានសងបំណុលរបស់សហរដ្ឋអាមេរិក និងដោយសារភាពធន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។

សន្ទស្សន៍​ផ្សារហ៊ុន​អាស៊ីប៉ាស៊ីហ្វិក​នៅ​ក្រៅ​ប្រទេស​ជប៉ុន​ MSCI បាន​ហក់ឡើង​ថ្លៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា និងបាន​ហក់ឡើង​ប្រហែល០,៣ភាគរយ​នៅ​ពាក់​កណ្តាល​ព្រឹកនេះ។ ផ្សារហ៊ុន Nikkei របស់ជប៉ុនបានបន្តការឈ្នះរបស់ខ្លួនចូលទៅក្នុងវគ្គទី៩ ហើយបានហក់ឡើងថ្លៃ០,៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុន S&P 500 futures បានហក់ឡើងថ្លៃ០,២ភាគរយ ហើយផ្សារហ៊ុនអឺរ៉ុប European futures បានហក់ឡើងថ្លៃ០,១៦ភាគរយ។

លោកប្រធានាធិបតី Joe Biden និងប្រធានសភាអាមេរិក លោក Kevin McCarthy មិនអាចឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃច័ន្ទម្សិលមិញទេ ស្តីពីការដំឡើងពិដានបំណុល៣១,៤ពាន់ពាន់លានដុល្លាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែភាគីទាំង២បានប្តេជ្ញាបន្តកិច្ចពិភាក្សាជាមួយគ្នាបន្តទៀត។

លោក Vishnu Varathan សេដ្ឋវិទូប្រចាំក្រុមហ៊ុន Mizuho បានអះអាងថា “ការបន្តការចរចាលើពិដានបំណុលបានជំរុញឱ្យមានក្តីសង្ឃឹមមួយចំនួន ទោះបីជាមានហានិភ័យផ្សេងគ្នានៃភាពយឺតយ៉ាវ និងរុញដាក់ការស្តីបន្ទោសលើគ្នាទៅវិញទៅមកដែលអាចបន្តកើតឡើងយ៉ាងណាក្តី”។

ប្រាក់ដុល្លារអាមេរិកបានតាមដានការផ្លាស់ប្តូរ និងបានហក់ឡើងដល់កម្រិតខ្ពស់រយៈពេល៦ខែ គឺ១ដុល្លារអាមេរិកស្មើនឹង១៣៨,៨៨យ៉េននៅក្នុងវគ្គជួញដូរនៅតំបន់អាស៊ី។

ប្រាក់ដុល្លារអាមេរិកមានភាពរឹងមាំធៀបនឹងរូបិយប័ណ្ណផ្សេងទៀតភាគច្រើន ហើយត្រូវបានជួញដូរក្នុងតម្លៃ១,០៨០៥ដុល្លារក្នុងមួយអឺរ៉ូ និង០,៦៦៥ដុល្លារក្នុងមួយដុល្លារអូស្ត្រាលី៕

LEAVE A REPLY

Please enter your comment!
Please enter your name here