ក្រសួងបរិស្ថានដាក់ឲ្យដំណើរការគំរោងភាពជាដៃគូសម្រាប់ សេដ្ឋកិច្ចបៃតងរបស់UN

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោងភាពជាដៃគូ សម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង របស់អង្គការសហប្រជាជាតិ (UN PAGE) នៅកម្ពុជា។

លោកជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួម ពីតំណាងភ្នាក់ងារអង្គការសហប្រជាជាតិអនុវត្តគម្រោង PAGE នៅកម្ពុជា (UNEP, ILO, UNDP, UNIDO និងUNITAR) និងតំណាងភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត រួមជាមួយតំណាងមកពីស្ថានទូត អង្គការសង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្រកាសដាក់ឱ្យដំណើរការគម្រោងនេះ មានគោលបំណងដូចជា ១. លើកកម្ពស់ការយល់ដឹងអំពីកម្មវិធី UN PAGE និងគោលនយោបាយគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចបៃតងកម្ពុជា ដល់អ្នកពាក់ព័ន្ធ ២ .ចែករំលែកនូវមេរៀន និងបទពិសោធន៍នៃការរអនុវត្តគម្រោង PAGE នៅបណ្តាប្រទេសក្នុងតំបន់អាស៊ី និង៣ បង្ហាញពីលទ្ធផលបឋម នៃការសិក្សាវិសាលភាពគម្រោង PAGE នៅកម្ពុជា ក៏ដូចជាប្រមូលមតិយោបល់កែលម្អ។

លោកជួប ប៉ារីស៍ បានមានប្រសាសន៍ថា គម្រោងនេះ ជាគ្រាប់ពូជថ្មីមួយ និងជាទំព័រថ្មីមួយទៀត ដើម្បីចូលរួមចំណែកដល់ការអភិ​វឌ្ឍសេដ្ឋកិច្ចបៃតង ប្រកបដោយបរិយាប័ន្នបៃតងនៅកម្ពុជា។

លោកបានបញ្ជាក់ថា “កម្ពុជាបានគិតគូរយ៉ាងខ្លាំងពីគោលការ​ណ៍សេដ្ឋកិច្ចបៃតងនេះ ដូចមានបង្ហាញក្នុងផែនទីបង្ហាញផ្លូវ អភិវឌ្ឍន៍បៃតងជាតិឆ្នាំ២០០៩ គោលនយោបានជាតិ និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍបៃតងឆ្នាំ ២០១៣-២០៣០ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា២០១៦-២០៣០ និងយុទ្ធសាស្ត្រអភិ​វឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូននៅកម្ពុជា សំដៅធានាបាននូវកំណើនសេដ្ឋកិច្ច បរិយាប័ន្នសង្គម និងនិរន្តរភាពបរិស្ថាន”។

តាមរយៈការប្តេជ្ញាចិត្តខ្ពស់របស់ខ្លួន ក្នុងការជំរុញបរិវត្តកម្មសេដ្ឋកិច្ចបៃតង កម្ពុជាបានចូលជាសមាជិកផ្លូវការ នៃកម្មវិធីភាពជាដៃគូសកល UN PAGE នេះ នៅឆ្នាំ២០២២ ក្រោមការដឹកនាំសម្របសម្រួលដោយក្រសួងបរិស្ថាន និង ក.ជ.អ.ច. សហការជាមួយអង្គការ UNIDO និងដោយមានការគាំទ្រ និងសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងស្ថាប័នស្រាវជាវជាតិ។

បច្ចុប្បន្នកម្មវិធីនេះ មានសមាជិកសរុបចំនួន ២២ប្រទេស ស្របពេលដែលប្រទេស ដាក់ពាក្យស្នើសុំចូលជាសមាជិក មានជាង៧០ប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here