ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីរបស់ចិន អាចនឹងរុញច្រានអាមេរិក ធ្លាក់ពីប្រទេសមហាអំណាចសេដ្ឋកិច្ច

ដោយ៖ ចរិយា

អន្តរជាតិ៖ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានបើកកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំងនៅសប្តាហ៍នេះ ដើម្បីដាក់ចេញនូវដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងរយៈពេលមួយទស្សវត្សខាងមុខ ប៉ុន្មានថ្ងៃមុនការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ដែលពោពេញការប្រកួតប្រជែងបំផុតនៅក្នុងប្រវត្តិសាស្ត្រ នឹងជ្រើសរើសយកប្រធានាធិបតី ដើម្បីទប់ទាល់ឥទ្ធិពលចិន មិនថាអ្នកណាឈ្នះក៏ដោយ។

ផែនការរយៈពេល ៥ ឆ្នាំលើកទី ១៤ របស់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងផ្តោតសំខាន់ទៅលើការច្នៃប្រឌិតបច្ចេកវិទ្យា ការពឹងផ្អែកលើសេដ្ឋកិច្ចខ្លួនឯង និងបរិស្ថានស្អាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីបក្សកុម្មុយនិស្តក៏នឹងកំណត់គោលដៅសម្រាប់រយៈពេល ១៥ ឆ្នាំខាងមុខទៀតផងដែរ ខណៈលោកស៊ីបានប្តេជ្ញាសម្រាប់ការស្តារជាតិឡើងវិញ ដោយផ្តោតលើការនាំមុខពិភពលោកខាងបច្ចេកវិទ្យា និងយុទ្ធសាស្ត្រឧស្សាហកម្មផ្សេងទៀត។

ការប្រជុំនេះត្រូវបានបិទ សម្រាប់សារពត៌មាន ហើយការសម្រេចចិត្តសំខាន់ៗទំនងជានឹងមិនត្រូវបានគេដឹងច្បាស់ទេ មុនពេលបញ្ចប់នៅថ្ងៃព្រហស្បតិ៍ខាងមុខ។

ប្រសិនបើសេដ្ឋកិច្ចរបស់ចិន ដែលកំពុងស្ទុះងើបឡើងវិញភ្លាមៗពីការឆ្លងវីរុសកូរ៉ូណា អាចរក្សាបាននូវក្នុងរយៈពេលប៉ុន្មានឆ្នាំមុខ សេដ្ឋកិច្ចចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់។

ការមិនចុះសម្រុងកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក បានធ្វើឱ្យយុទ្ធសាស្ត្ររបស់លោក ស៊ី ពន្លឿនផែនការ ដើម្បីការពារប្រទេសចិនពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។

លោក Fred Hu ស្ថាបនិកក្រុមហ៊ុន Primavera Capital Ltd ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានមានប្រសាសន៍ថា “វាឆ្លុះបញ្ចាំងពីការវាយតម្លៃរបស់ប្រទេសចិន ចំពោះភាពជាក់ស្តែងនៃស្ថានភាពពិភពលោកបច្ចុប្បន្ន”។

លោក បានថ្លែងថា “ការពឹងផ្អែកលើខ្លួនឯងគឺអំពីការអភិវឌ្ឍសមត្ថភាពសេដ្ឋកិច្ចក្នុងស្រុកជាក់លាក់ តាមរយៈការវិនិយោគក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការច្នៃប្រឌិត ដែលជាការឆ្លើយតបចាំបាច់ និងប្រុងប្រយ័ត្នចំពោះភាពមិនច្បាស់លាស់ពីខាងក្រៅ”។

លោក Hu ដែលធ្លាប់បម្រើការឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងដឹកនាំក្រុមហ៊ុន Goldman Sachs Group Inc បានមានប្រសាសន៍ថា“ ទោះយ៉ាងណាវាមិនមានន័យថាចិននឹងបដិសេធនូវគោលនយោបាយបើកចំហរេនោះទេ”។

លោក ស៊ី និងមន្រ្តីដទៃទៀត បានបង្ហាញថា សេដ្ឋកិច្ចចិននឹងបើកទ្វាររបស់ខ្លួនបន្ថែមទៀតចំពោះមូលធនបរទេស និងការប្រកួតប្រជែង។

នៅក្នុងសុន្ទរកថាមួយនៅទីក្រុងសិនចិនក្នុងខែនេះ លោក ស៊ី បានប្តេជ្ញាជំរុញការច្នៃប្រឌិតបច្ចេកវិទ្យា ប៉ុន្តែបានបញ្ចេញសារមួយ ដោយបញ្ជាក់យ៉ាងច្បាស់ថា លោកចង់បានប្រព័ន្ធសេដ្ឋកិច្ចបើកចំហថ្មីមួយ៕ Bloomberg

LEAVE A REPLY

Please enter your comment!
Please enter your name here