ទុនបម្រុងអន្តរជាតិសរុបរបស់កម្ពុជា រំពឹងថានឹងកើនឡើងដល់ ១៦ ៩៨១ លានដុល្លារឆ្នាំក្រោយ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ទុនបម្រុងអន្តរជាតិសរុបរបស់កម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងដល់១៦ ៩៨១លានដុល្លារអាមេរិកនៅឆ្នាំ២០២១ និងធានាការនាំចូលបាន៨,០ខែ ដោយហេតុថាការនាំចូលរបស់កម្ពុជាក៏នឹងងើបឡើងបន្តិចវិញ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ចេញផ្សាយកាលពីចុងសប្តាហ៍មុន។

ទន្ទឹមនេះ ភាពប្រសើរឡើង នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បានផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល ក្នុងការធ្វើវិចារណកម្មចំណាយថវិកាឆ្នាំ២០២០ ចំនួន២លើក ដែលអាចធ្វើឱ្យរាជរដ្ឋាភិបាលសន្សំថវិកាបានសរុបចំនួន៣ ៧១៦០៥៤លានរៀល ឬសមមូលនឹងប្រមាណ៩១៨លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនោះថវិកាថ្នាក់ជាតិសន្សំបាន៦៧៧លានដុល្លារអាមេរិក សម្រាប់បំពេញតម្រូវការចំណាយចាំបាច់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយឡែកសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានកាត់បន្ថយចំណាយទៅតាមការថយចុះចំណូលចំនួន២៤១លានដុល្លារអាមេរិក ដើម្បីរក្សាតុល្យភាពចំណូល-ចំណាយថ្នាក់ក្រោមជាតិ។

ថវិកាឆ្នាំ២០២១ ត្រូវបានគិតគូរ និងរៀបចំឡើង ក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីតម្រង់ការប្រើប្រាស់ធនធាន សម្រាប់ទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ និងសម្រាប់ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរបស់ប្រជាជន ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក៏ដូចជា ដើម្បីសម្រេចឱ្យបាននូវគោលដៅ សំខាន់ៗនៃ កម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ពិសេសការជំរុញអនុវត្តកិច្ចការកែទម្រង់គ្រប់វិស័យក្នុងឆ្នាំ២០២១ ដែលជាឆ្នាំពាក់កណ្តាលអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ។

ជាមួយគ្នានេះដែរ សរុបមក ថវិកាឆ្នាំ២០២១ អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយឱ្យរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស សំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត។

ថវិកាឆ្នាំ២០២១ អាចប្រសិទ្ធនាមបានថា ជា “ថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាព នៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន”។

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានព្យាករថានឹងងើបឡើងវិញ ហើយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥%ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧ ៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ២៩ ០១៣លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់១ ៧៧១ដុល្លារអាមេរិក បើប្រៀបធៀបនឹង១ ៦៨៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here