សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មនិង៤ផ្សេងទៀតបានបញ្ជូនដល់ព្រឹទ្ធសភា

ដោយ៖ លក្ខិណា

ភ្នំពេញ: សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងសេចក្តី ព្រាងច្បាប់សំខាន់ៗចំនួន៤ផ្សេងទៀត ត្រូវបានបញ្ជូនដល់ព្រឹទ្ធសភា និងត្រូវបានព្រឹទ្ធសភាឱ្យយោបល់មួយចំនួន ។ នេះបើតាមសេចក្តីព័ត៌មានរបស់ព្រឹទ្ធសភាកាលពីថ្ងៃទី២៦ តុលា ២០២០ ។

ក្នុងសេក្ដីប្រកាសព័ត៌មានដដែលនេះបានអោយដឹងផងដែរថា វិសាលភាពអនុវត្ត ចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណនិងធានាដល់ការគ្រប់គ្រងមណ្ឌលពាណិជ្ជកម្មសមាហរ័ណនិងល្បែងពាណិជ្ជកម្ម គឺ ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ បង្កើនចំណូលរដ្ឋ រក្សាសុវត្ថិភាពនិងសន្តិសុខសង្គម ក៏ជារបងការពារព្រំដែនដ៏រឹងមាំ ព្រមទាំងបង្កភាពងាយស្រួល ជូនប្រជាពលរដ្ឋក្នុងការតាំងលំនៅដ្ឋានថ្មី និងប្រកបអាជីវកម្មផ្សេងៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ឱ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្មនេះ តាក់តែងឡើងមាន១២ជំពូក និង៩៧មាត្រា ត្រូវបានរដ្ឋសភាកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦របស់ខ្លួន ។

លោកបន្តថា សេចក្តីព្រាងច្បាប់នេះ នឹងធានាដល់ការគ្រប់គ្រងធនធានសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត ព្រមទាំងចូលរួមចំណែកក្នុងការបង្កើនចំណូលពីទ្រព្យសម្បត្តិរដ្ឋ ដែលទាំងអស់នេះសុទ្ធតែជា សមាសភាគដ៏សំខាន់ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់គាំទ្រដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិនិងការបន្តអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនឈានឡើង ក្នុងជំហានស្វាហាប់ប្រកបដោយវិបុលភាពនិងចីរភាពនៅក្នុងបរិការណ៍ថ្មី ។

សេចក្តីព្រាងច្បាប់មួយទៀត ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ ក៏ដូចជាកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងសាធារណរដ្ឋកូរ៉េ ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេសពន្ធនិងការជៀសវាងពន្ធ ក៏ត្រូវព្រឹទ្ធសភាពិនិត្យនិងឱ្យយោបល់ទាំងស្រុងផងដែរ។

គោលដៅគឺទាក់ទាញសម្រួលការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិព្រមទាំងទប់ស្កាត់ និងបង្រ្កាបការកិបកេងបន្លំពន្ធទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិក៏ ដើម្បីបំពេញកាតព្វកិច្ចក្នុងក្របខ័ណ្ឌអាស៊ាន។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ក៏ត្រូវបានព្រឹទ្ធសភាពិនិត្យនិងឱ្យយោបល់ ទាំងស្រុងផងដែរ។

ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន នឹងធ្វើឱ្យពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន មានភាពប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើននៃសេដ្ឋកិច្ចសកល ក៏ដូចជាធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសអាស៊ាននិងហុងកុង តាមរយៈការបន្តធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញពាណិជ្ជកម្មសេវាកម្ម និងការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគយនិងវិធានការនានាជាពិសេសលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសរវាងប្រទេសអាស៊ាននិងហុងកុង រួមចំណែកដ៏សំខាន់ក្នុងការសម្រួលដល់ពាណិជ្ជកម្មនិងវិនិយោគឆ្លងដែនព្រមទាំងកាត់បន្ថយនូវរបាំងចូលទីផ្សារ ដើម្បីជំរុញដល់ភាពងាយស្រួលដល់សហគ្រាសធុនតូចនិងមធ្យមផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here