សហគ្រាសធុនតូច និងមធ្យមនឹងស្រូបយកកម្លាំងពលកម្ម១លាននាក់បន្ថែមទៀតនៅកម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសធុនតូច និងមធ្យមនឹងស្រូបយកកម្លាំងពលកម្មយ៉ាងតិច១លាននាក់បន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលកំពុងរៀបចំផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន១,៥លាននាក់សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយតំណាងសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មជាង៥០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នារាជធានីភ្នំពេញ សម្តេចតេជោបានមានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងពាណិជ្ជកម្ម សហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Fasmec) និងសមាគមមូលនិធិសម្តេចតេជោសម្រាប់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លើការកសាងសមត្ថភាពសហគ្រិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹងនឹងនេះ សម្តេចតេជោក៏បានលើកទឹកចិត្តដល់សហគ្រិន SMEs ឱ្យបង្កើនសមត្ថភាព និងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ពួកគេផងដែរ។

លើសពីនេះទៀត សម្តេចក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះផលិតភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។

សម្តេចបន្តថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយសហគ្រាសជាង៩០ភាគរយនៅកម្ពុជា ជាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលផ្តល់ការងារជាង៧០ភាគរយ ស្មើនឹងប្រមាណ៥៨ភាគរយនៃផលិតផលក្នុងស្រុកសរុប។

សម្តេចតេជោបានរំលឹកថា ដោយទទួលស្គាល់ពីសារៈសំខាន់នៃសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាលកម្ពុជាបានបែងចែកថវិកា និងដាក់ចេញនូវវិធានការកាត់បន្ថយពន្ធ ដើម្បីគាំទ្រសកម្មភាពរបស់ពួកគេក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩។

បន្ថែមលើនោះ សម្តេចបានលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម យកចិត្តទុកដាក់លើការលើកកម្ពស់ការកែច្នៃ និងនាំចេញកសិឧស្សាហកម្ម។

សម្តេចតេជោក៏បានលើកឡើងពីការនាំចេញតាមរយៈវិស័យទេសចរណ៍ និងការនាំចេញទៅកាន់ទីផ្សារបរទេសក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA) កម្ពុជា-កូរ៉េ និងប្រទេសជិតខាងជាដើម។

សម្តេចក៏បានណែនាំឲ្យក្រសួងពាណិជ្ជកម្មបង្កើតក្រុមការងារបច្ចេកទេសអន្តរស្ថាប័នមួយ ដើម្បីជំរុញការសម្របសម្រួលពាណិជ្ជកម្ម ដើម្បីកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងជំរុញការនាំចេញរបស់កម្ពុជា ជាពិសេសផលិតផលកសិឧស្សាហកម្ម។

យោងតាមប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Fasmec) លោកឧកញ៉ា តែ តាំងប៉ បានឱ្យដឹងថា កម្ពុជាមានសហគ្រាសធុនតូច និងមធ្យមសរុបជាង៧០ម៉ឺនមូលដ្ឋាន ដែលក្នុងនោះ៧ភាគរយស្ថិតក្នុងវិស័យផលិតកម្ម ស្មើនឹងជាង៤០.០០០មូលដ្ឋាន ហើយប្រហែល៨០ភាគរយជារោងចក្រកែច្នៃអាហារហើយ២.០០០មូលដ្ឋានផ្សេងទៀតជារោងចក្រខ្នាតធំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here