ចំណេះដឹង! តើ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ត្រូវបាន​រៀបចំឡើង​ដើម្បី​អ្វី?

ដោយៈ​សាវុធ

ភ្នំពេញៈ ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​ឆ្លុះបញ្ចាំង​ពី​បំណងប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល​ម្ពុ​ជា ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់។

ម​ហិ​ច្ឆិ​តា​របស់​រដ្ឋាភិបាល ដើម្បី​សម្រេចបាន​តាម​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ បាន​កំណត់ថា នៅ​ដំណាច់ឆ្នាំ២០៥០ កម្ពុជា​នឹង​ក្តាប់​យកមក​វិញ​នូវ” មោទនភាព​ជាតិ” ដែល​ធ្លាប់​រុងរឿង​ពី​អតីតកាល ជាមួយនឹង​ការកសាង​ជាតិ​ទំនើប​មួយ​ដ៏​រស់​រវើក ជា​រដ្ឋ​រឹងមាំ ប្រជាធិបតេយ្យ និង​បូរណភាព​ទឹកដី​ពេញលេញ ហើយ​មាន​កិត្យានុភាព​ខ្ពស់ត្រដែត ស្មើភាព​និង​ស្មើ​សិទ្ធិ​លើ​ឆាក​អន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ មាន​សេដ្ឋកិច្ច​ធន់​មាំ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ជា​ប្រទេស​ដែល​ប្រជាជន​រស់នៅក្នុង​សុខសន្តិភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល មាន​កម្រិតជីវភាព​ខ្ពស់​សមរម្យ និង​មានចំណេះដឹង​ខ្ពស់​ប្រកប ដោយ​នវានុវត្តន៍ និង​សីលធម៌​ប្រពៃ ទទួលបាន​យុត្តិធម៌​សង្គម ស្មើ​សិទ្ធិ​និង​ស្មើ​ឱកាស​ក្នុង​សង្គមជាតិ ព្រមទាំង​មាន​អត្តសញ្ញាណ​ជាតិ​ដ៏​បវរ និង​ភាព​រីកចម្រើន​លូតលាស់​ក្នុងសង្គម រូបវ័ន្ត និង​ធម្មជាតិ ប្រកបដោយ​សុខដុម​រម្យ​នា វប្បធម៌​សម្បូរបែប និង​សង្គម​បរិ​យា​ប័ន្ន។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មើលឃើញថា ដើម្បី​ឲ្យ​កម្ពុជា​សម្រេចបាន​នូវ​ចក្ខុវិស័យ ប្រែក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០ ត្រូវ​រួមគ្នា​ខិតខំ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ២០១៥-២០២៥ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ និង​ត្រូវ​ចាត់ទុកថា​ជា «យុទ្ធសាស្ត្រ​កំណើន​ថ្មី» ដែល​ជាម​គ្គុ​ទ្ទេសន៍​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការពង្រឹង​សមត្ថភាព​ប្រកួតប្រជែង និង ការលើកកម្ពស់​ផលិតភាព ដើម្បី​ឈានឡើង​ទៅកាន់​ទួល​ថ្មី​មួយទៀត ក្នុង​ខ្សែចង្វាក់​នៃ​តម្លៃបន្ថែម​ក្នុង​តំបន់ និង​សកលលោក។

សម្តេច​តេ​ជោ​បញ្ជាក់ទៀតថា “កម្ពុជា​ត្រូវធ្វើ​ទំនើបកម្ម នៃ​វិស័យ​ឧស្សាហកម្ម ដែលជា​កិច្ចការ​ដ៏​ចាំបាច់​មួយ ដោយសារ​វិស័យនេះ នឹង​ដើរតួនាទី​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​កំនើន​ថ្មី​ជា​កម្លាំងចលករ​ក្នុង​ការជួយ​ទ្រទ្រង់ ដល់​កំណើន​រយៈពេល​ម​ធ្យ​ម និង​រយៈពេល​វែង” ។

វា​ជា​វិស័យ​ដែលមាន​សក្តានុពល សម្រាប់​បង្កើត​ការងារ​ដល់​យុវជន និង​ជា​ជ​ន្ទ​ល់​កំណើនសេដ្ឋកិច្ច​ថ្មី ដែល​អាច​ឆក់​ស្រូបយក​ការវិនិយោគ​បន្ថែម ក្រៅពី​វិស័យ​កសិកម្ម និង​ទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here