ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញគ្របដណ្តប់រហូតដល់៤២ភាគរយនៃប្រាក់កម្ចីសរុបនៅកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ:ប្រមាណ៤២ភាគរយ​នៃ​ប្រាក់កម្ចី​សរុប ដែល​ផ្តល់​ដោយ​ធនាគារ និង​ធនាគារ​ពាណិជ្ជ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ខ្ចីដោយ​អ្នក​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​អ្នក​ខ្ចី​ជាស្ត្រី​មាន​ចំនួន​ច្រើន​ជាង​បុរស​នៅ​តាម​បណ្តាខេត្ត​ភាគ​ច្រើន​។

យោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) សម្រាប់ឆ្នាំ២០២២ ដែលចេញផ្សាយនាពេលថ្មីៗនេះបានឱ្យដឹងថា ក្នុងចំណោមទឹកប្រាក់ចំនួន៤៨ពាន់លានដុល្លារដែលត្រូវបានបញ្ចេញជាប្រាក់កម្ចីនោះ ប្រាក់កម្ចីជាង២០ពាន់លានដុល្លារត្រូវបានប្រើប្រាស់ដោយប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលឆ្លុះបង្ហាញពីទំហំសកម្មភាពអាជីវកម្មជាច្រើននៅក្នុងរាជធានី បើធៀបនឹងបណ្តាខេត្ត។

យោងតាមរបាយការណ៍ដែលបានចងក្រងដោយផ្អែកលើទិន្នន័យដែលបានដាក់ជូនដោយសមាជិកស្ថាប័នចំនួន១៨៥ របស់ការិយាល័យឥណទានកម្ពុជា (CBC) រួមទាំងធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភ្នាក់ងារជួល និងផ្តល់ប្រាក់កម្ចីផ្សេងទៀត បានបង្ហាញថា ប្រទេសកម្ពុជាមានអ្នកខ្ចីប្រាក់ចំនួន៤,៨លាននាក់នៅក្នុងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខណៈដែលស្ត្រីជាអ្នកខ្ចីភាគច្រើននៅក្នុងបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជា ចំណែកនៅរាជធានីភ្នំពេញ និងខេត្តរតនគិរី បុរសមានចំនួនច្រើនជាងស្ត្រី។ នៅទីក្រុងភ្នំពេញ ៥១,៤ភាគរយនៃអ្នកខ្ចីប្រាក់ជាបុរស និងអ្នកខ្ចី៥០,៣ភាគរយជាបុរសសម្រាប់ខេត្តរតនគិរី។

ចំណែកនៅ​ខេត្ត​បន្ទាយមានជ័យ អ្នក​ខ្ចី​ជាបុរសនិងស្ត្រីមាន​ចំនួន​ស្មើគ្នា។ បណ្តាខេត្ត​ដែល​មាន​ស្ត្រី​ជាអ្នកខ្ចី​ប្រាក់ច្រើន​មានដូចជា ខេត្ត​ពោធិ៍សាត់ចំនួន៥៤,៨ ភាគរយ តាកែវចំនួន៥៤,៧ភាគរយ កំពង់ស្ពឺចំនួន៥៤,៦ភាគរយ កំពង់ចាមចំនួន៥៤,៥ភាគរយ និង​កំពង់ឆ្នាំងចំនួន៥៤,៤ភាគរយ។

CBC បានកត់សម្គាល់ថាភាគច្រើននៃអ្នកប្រើប្រាស់ឥណទានបុគ្គលគឺជាស្ត្រីដែលបានប្រើប្រាស់ប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច កសិកម្ម ឬសម្រាប់ការថែទាំអចលនទ្រព្យ។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា (CCCA) បានកត់សម្គាល់ថា ស្ត្រីកំពុងស្វែងរកឯករាជ្យភាពផ្នែកហិរញ្ញវត្ថុបន្ថែមទៀតតាមរយៈការក្លាយជាម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតលើកទឹកចិត្តស្ត្រីឱ្យខ្ចីប្រាក់សម្រាប់ការចាប់ផ្តើមអាជីវកម្មជាមួយនឹងអត្រាការប្រាក់អនុគ្រោះ។

លោក​បាន​គូស​បញ្ជាក់​ថា​ “បច្ចុប្បន្ន​ស្ត្រី​អាច​ទទួល​បាន​អត្រា​ការ​ប្រាក់​ល្អ​ជាង​បុរស​ពី​ធនាគារ​មួយ​ចំនួន​ដោយ​សារ​អនុស្សរណៈ​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា”។

លោក ឡោ វិចិត្រ បានបន្ថែមថា “ការស្រាវជ្រាវ និងស្ថិតិបានបង្ហាញថា ស្ត្រីមានភាពល្អប្រសើរក្នុងការគ្រប់គ្រងហិរញ្ញវត្ថុជាងបុរសនៅកម្រិត MSME លើសពីនេះ ស្ត្រីត្រូវការលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែច្រើន នៅពេលដែលពួកគេត្រូវការពង្រីកអាជីវកម្មបច្ចុប្បន្ន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here