ប្រាក់បញ្ញើ និងប្រាក់កម្ចីដែលមានមូលដ្ឋានលើប្រាក់រៀលជួយដល់ការធ្វើបដិដុល្លារនីយកម្មរបស់កម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: ប្រព័ន្ធធនាគារដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ការងើបឡើងវិញរបស់ប្រទេសកម្ពុជាពីការធ្លាក់ចុះនៃសេដ្ឋកិច្ចបន្ទាប់ពីជំងឺកូវីដ ដោយធនាគារជាតិនៃកម្ពុជា (NBC) បានបន្តគោលនយោបាយរូបិយវត្ថុប្រកបដោយផាសុកភាព និងប្រុងប្រយ័ត្ន ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ច។

ធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីកាត់បន្ថយកម្រិតនៃដុល្លារូបនីយកម្មក្នុងសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលក្នុងស្រុក (KHR)។

យោងតាមការត្រួតពិនិត្យស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១របស់ធនាគារជាតិបានឱ្យដឹងថា “ទោះបីជាមានជំហានជាបន្តបន្ទាប់ក្តី ប៉ុន្តែកម្រិតនៃដុល្លារូបនីយកម្មនៅក្នុងប្រទេសនៅតែគ្រប់គ្រងលើសពី៨០ភាគរយ”។

របាយការណ៍បានអះអាងថា កម្រិតខ្ពស់នៃដុល្លារូបនីយកម្មនេះកំណត់តួនាទីរបស់ធនាគារជាតិនៃកម្ពុជាក្នុងការជះឥទ្ធិពលលើការផ្គត់ផ្គង់ប្រាក់ និងអត្រាការប្រាក់នៅក្នុងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំហានដែលធ្វើឡើងដោយធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើបដិដុល្លារនីយកម្ម រួមមានបទប្បញ្ញត្តិនានា ដែលមានគោលបំណងជំរុញប្រាក់កម្ចីជាប្រាក់រៀល។ ធនាគារជាតិមានទស្សនៈថា សេដ្ឋកិច្ចដែលមានមូលដ្ឋានលើប្រាក់រៀលកាន់តែច្រើននឹងអនុញ្ញាតឱ្យខ្លួនអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច។

ខណៈពេលដែលការផ្តល់ប្រាក់កម្ចីជារូបិយប័ណ្ណក្នុងស្រុករបស់ធនាគារពាណិជ្ជបានបន្តលើសពីកម្រិតដែលត្រូវការរបស់ NBC ចំនួន១០ភាគរយ ប៉ុន្តែការផ្តល់ប្រាក់កម្ចីភាគច្រើននៅតែបន្តគិតជាប្រាក់ដុល្លារអាមេរិក។

លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល (GRA) ប្រចាំរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “សេដ្ឋកិច្ចរូបិយប័ណ្ណ២បានចូលរួមចំណែកដល់ស្ថិរភាពនៃប្រាក់រៀលរបស់កម្ពុជានៅក្នុងរយៈពេលថ្មីៗនេះ នៅពេលដែលតម្លៃរូបិយប័ណ្ណអាស៊ីផ្សេងទៀតស្ទើរតែទាំងអស់បានដាំក្បាលចុះធៀបនឹងប្រាក់ដុល្លារអាមេរិក”។

លោកបានបន្តថា “យើងបានឃើញហើយថា ប្រាក់បាតថៃ ប្រាក់រីងហ្គីតម៉ាឡេស៊ី និងប្រាក់ដុងវៀតណាម សុទ្ធតែធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារ ដោយសារជំងឺរាតត្បាត ហើយស្ថិរភាព​នៃប្រាក់​រៀល​ត្រូវ​បាន​គេ​ជឿ​ជាក់ថា​ វាត្រូវបាន​រួម​ចំណែក​ដោយ​សេដ្ឋកិច្ច​រូបិយប័ណ្ណ​២របស់កម្ពុជា”។

លោកបានបន្ថែមថា“វិនិយោគិនបរទេសតែងតែវាយតម្លៃហានិភ័យរូបិយប័ណ្ណមុនពេលធ្វើការសម្រេចចិត្ត។ កង្វះនៃការរឹតបន្តឹងក្នុងចលនារូបិយប័ណ្ណ ដែលគ្មានការរឹតបន្តឹងការផ្ទេរចេញក្រៅឬចូលក៏បានជួយផងដែរ”។

លោក Ben Li ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Urban Village and Factory Phnom Penh បានយល់ស្របជាមួយលោក ឡោ វិចិត្រ កាលពីពេលថ្មីៗនេះថា “ប្រទេសកម្ពុជាមានសេដ្ឋកិច្ចរូបិយប័ណ្ណពីរ ដោយដុល្លារអាមេរិកជារូបិយប័ណ្ណមួយទាក់ទាញដ៏សំខាន់សម្រាប់អ្នកវិនិយោគបរទេស ហើយទីផ្សារអចលនទ្រព្យគឺជាអ្នកទទួលផលដ៏ធំមួយនៃគោលនយោបាយនេះ”។

យោងតាមរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ច និងធនាគារក្នុងឆ្នាំ២០២២ និងទស្សនវិស័យសម្រាប់ឆ្នាំ២០២៣របស់ NBC បានឱ្យដឹងថា ស្ថិរភាពនៃអត្រាប្តូរប្រាក់គឺជាកត្តាដ៏សំខាន់មួយដើម្បីរក្សាស្ថិរភាពតម្លៃនៅក្នុងបរិបទនៃដុល្លារូបនីយកម្មខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here