ប្រទេសចិន​ឈរ​លើលំដាប់កំពូល​តារាងលំហូរ FDI ចូលវិស័យអចលនទ្រព្យបែបឧស្សាហកម្មរបស់ប្រទេសថៃ

 

ដោយ: គង់ លាងហួរ

បាងកក: ប្រទេសចិនបានឈរនៅលើកំពូលតារាង នៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលក្នុងវិស័យអចលនទ្រព្យបែបឧស្សា​ហកម្មថៃកាលពីខែកុម្ភៈ ដែលស្មើនឹង២៣,៦៨ភាគរយ នៃលំហូរវិនិយោគផ្ទាល់ពីបរទេស សរុបចំនួន១៤,៧៦ពាន់លានបាត។

យោងតាមអាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃ (IEAT) បានឱ្យដឹងថា វិនិយោគិនសិង្ហបុរី ស្ថិតនៅលំដាប់ទីពីរចំនួន១២,៤១ភាគរយ បន្ទាប់មក គឺជប៉ុនចំនួន១១,៦៥ភាគរយ ឥណ្ឌាចំនួន៦,៣៩ភាគរយ និងតៃវ៉ាន់ចំនួន៦,០២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Veeris Ammarapala អភិបាល IEAT បានមានប្រ​សាសន៍ថា “និន្នាការនៃអាជីវកម្មចិន ដែលផ្លាស់ប្តូរមូលដ្ឋានផលិត​កម្មរបស់ពួកគេ ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ បានចាប់ផ្តើមឡើងកាលពីឆ្នាំមុន ដោយប្រទេសថៃ និងវៀតណាម ជាជម្រើសដ៏ពេញនិយមបំផុត សម្រាប់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកលំដាប់កំពូលៗ”។

លោក Veeris បានបន្តថា “កត្តាមួយទៀតដែលជំរុញដល់ការវិនិយោគរបស់ចិនផងដែរនោះ គឺកិច្ចព្រមព្រៀងដែលបានចុះហត្ថលេ​ខារវាងប្រទេសទាំងពីរ នៅឯកិច្ចប្រជុំកំពូលApec កាលពីឆ្នាំមុន ដើម្បីជំរុញការវិនិយោគរួមគ្នា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន និងគោលនយោបាយ៤.០របស់ប្រទេសថៃ”។

លោកបានបញ្ជាក់ថា “ប្រទេសចិនក៏បានឈរ នៅលើកំពូលតា​រាងសម្រាប់លំហូរ FDI ក្នុងឆ្នាំ២០២២ផងដែរ ជាមួយនឹងលំហូរទុនវិនិយោគចូល៧៧,៣ពាន់លានបាត នៃចំនួនសរុប៤៣៣ពាន់លានបាត”។

បន្ទាប់​ពីលំហូរពីប្រទេសចិនដ៏ច្រើនរួចមក ​គឺលំហូរ FDI ពីប្រ​ទេស​ជប៉ុនចំនួន៥០,៧ពាន់​លាន​បាត តាម​ពី​ក្រោយ​ដោយ​សហរដ្ឋ​អាមេរិកចំនួន៥០,៣ ពាន់​លាន​បាត តៃវ៉ាន់ចំនួន៤៥,២ពាន់​លាន​បាត និង​សិង្ហបុរីចំនួន៤៤,២ ពាន់​លាន​បាត។

លោក Veeris Ammarapala បានបន្ថែមថា “យើងរំពឹងមើលឃើញអ្នកវិនិយោគចិនកាន់តែច្រើន ចូលមកបង្កើតមូលដ្ឋានផលិត​កម្មរបស់ពួកគេ នៅក្នុងប្រទេសថៃនៅឆ្នាំនេះ បន្ទាប់ពីប្រទេសចិនបានលុបចោលការរឹតបន្តឹង លើការធ្វើដំណើរសម្រាប់ប្រជាជនរបស់ខ្លួន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here