មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអន្តរជាតិ បើកសិក្ខាសាលាប្រចាំឆ្នាំនៅកម្ពុជា ដើម្បីរៀបចំផែនការថ្មី

 ដោយៈ គង់ សូរិយា

       ភ្នំពេញ: ក្នុងគោលដៅពង្រឹងយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងលទ្ធផលរបស់ខ្លួន កម្មវិធីគំនិតផ្តួចផ្តើមសម្ព័ន្ធនៃមជ្ឈ​មណ្ឌលស្រាវជ្រាវកសិកម្មអន្តរជាតិ(CGIAR) ស្តីពី តំបន់ដីសណ្តអា​ស៊ី(AMD) បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំ ឆ្លុះបញ្ចាំង និងការរៀបចំផែនការ ចាប់ពីថ្ងៃទី១៤ ដល់១៧ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

សិក្ខាសាលានេះ មានគោលបំណងផ្តល់ឱកាស សម្រាប់ដៃគូជាតិ និងអ្នកវិទ្យាសាស្ត្រ OneCGIAR ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងសមិទ្ធិផលនៃគំនិតផ្តួចផ្តើម AMD នៅក្នុងប្រទេសជាអាទិភាពមួយចំនួនដូចជា បង់ក្លាដែស កម្ពុជា និងវៀតណាម។

សកម្មភាពបែបចូលរួម និងមេរៀនបទបិសោធន៍របស់ប្រទេសនីមួយៗ នឹងធ្វើឡើងតាមរយះការធ្វើការរួមគ្នា ការកំណត់ផលប៉ះពាល់ ការវិភាគចំណុចខ្វះខាត និងការរៀបចំផែនការសកម្មភាពសម្រា​ប់អនុវត្តក្នុងឆ្នាំបន្តបន្ទាប់ នៃគំនិតផ្តួចផ្តើម AMD ដោយធានាលទ្ធផលរបស់ប្រទេសនីមួយៗប្រកបដោយនិរន្តរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅមុខមន្ត្រី និងអ្នកតំណាងនៃក្រសួង ស្ថាប័ននានារបស់រដ្ឋាភិបាល គ្រឹស្ថានសិក្សា អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកពាក់ព័ន្ធផ្សេងដទៃទៀត លោកបណ្ឌិត ហ្សង់ បាលីអេ (Balie) នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកសម្រាប់សម្ព័ន្ធ នៃមជ្ឈមណ្ឌលស្រាវជ្រាវកសិ​កម្មអន្តរជាតិ បានចែករំលែកថា គំនិតផ្តួចផ្តើម ស្តីពីតំបន់ដីសណ្ត​អាស៊ី មានគោលបំណងបង្កើតភាពធន់ បរិយាប័ន និងផលិតភាពនៃតំបន់ដីសណ្ត ដោយដោះស្រាយនូវបញ្ហាប្រឈមនានា ជាប្រព័ន្ធ ដើម្បីពង្រីកវិសាលភាព នៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងការអនុវត្តនៅក្នុងសហគមន៍ថ្នាក់ជាតិ និងកម្រិតតំបន់។

លោកបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើម ស្តីពីតំបន់ដីសណ្តអាស៊ី គឺជាផ្នែកមួយនៃ One CGIAR ក្នុងចំណោមគំនិតផ្តួចផ្តើមស្រាវជ្រាវចំនួន៣៣ ដែលមានគោលបំណង ផ្តល់នូវឥទ្ធិពលជាវិជ្ជមានលើអាហារូបត្ថម្ភ សុខភាព និងសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការប្រកបរបរចិញ្ចឹមជីវិត និងការងារ សមភាពយេនឌ័រ យុវជន បរិយាប័នសង្គម កាត់បន្ថយ និងបន្សាំនឹងអាកាសធាតុ ព្រមទាំងសុខភាពបរិស្ថាន និងជីវចម្រុះ។

លោកបន្តថា តាមរយៈគំនិតផ្តួចផ្តើមស្តីពី តំបន់ដីសណ្តអាស៊ីនេះ “គ្រប់វិស័យដែលធ្វើការសម្រាប់តំបន់ដីសណ្ត នឹងមានវេទិកាសម្រាប់ការស្រាវជ្រាវរួមគ្នា សម្រាប់ការអភិវឌ្ឍន៍ និងការចែករំលែកចំណេះដឹង ដែលនឹងផ្តល់សិទ្ធិអំណាច ដល់ដៃគូស្រាវជ្រាវត្រឹមតែប៉ុណ្ណោះទេ ប៉ុន្តែជាពិសេសដល់គ្រួសារ កសិករខ្នាតតូចភាគច្រើន និងវិស័យងាយរងគ្រោះ ដែលការចិញ្ចឹមជីវិតរបស់ពួកគេពឹងអាស្រ័យទៅលើតំបន់ដីសណ្ត។

លោកបណ្ឌិត អូឡេ សានឌ័រ (Bjoern Ole Sander) អ្នកដឹកនាំគម្រោង ស្តីពីតំបន់ដីសណ្តអាស៊ី និងជាអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២២ គម្រោងស្តីពីតំបន់ដីសណ្តអាស៊ី មិនត្រឹមតែបង្កើតបាននូវចំណេះដឹងថ្មីៗជិត ១០០ប៉ុណ្ណោះទេ ថែមទាំងផ្តល់ធាតុចូលដល់ការផ្លាស់ប្តូរផ្នែកគោលនយោបាយបានចំនួន៩ នៅក្នុងប្រទេសដែលអនុវត្តគម្រោ​ងស្តីពី តំបន់ដីសណ្តអាស៊ី និងការផ្តួចផ្តើមចំនួន៨ កំពុងស្ថិតក្រោមការរៀបចំ ប៉ុន្តែគម្រោង ក៏បានផ្តល់ផលទៅដល់កសិករ ១៦០,០០០នាក់ និងអ្នកប្រើប្រាស់នវានុវត្តន៍ផ្សេងទៀត និងបានបណ្តុះបណ្តាល ៧,០០០នាក់ នៅក្នុងសកម្មភាពអភិវឌ្ឍន៍សមត្ថភាពចំនួន៣០។

AMD បាននិងកំពុងគាំទ្រយុទ្ធសាស្ត្របន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ជាពិសេសនៅក្នុងខេត្តតំបន់ដីសណ្តចំនួនបួនគឺ កណ្តាល តាកែវ ព្រៃវែង និងស្វាយរៀង តាមរយៈការកសាងសម្ព័ន្ធភាពសិក្សា លើកកម្ពស់កិច្ចអន្តរាគមន៍ នៃអាហារូបត្ថម្ភ បង្កើតឡើងការប្រឹក្សាផ្នែកអាកាសធាតុឌីជីថល ការធ្វើតេស្តសាកល្បង ស្តង់ដារគ្រប់គ្រងគំរូ បរិយាប័នសង្គម និងគាំទ្រផែនការអភិវឌ្ឍន៍ផ្អែកលើមូលដ្ឋានតម្រូវការជាក់ស្តែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here