កម្ពុជាត្រូវចេះសម្របខ្លួនទៅនឹងជំងឺកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាឱ្យបាននូវលំនឹងសង្គម-សេដ្ឋកិច្ច

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ កម្ពុជាត្រូវចេះសម្របខ្លួនទៅនឹងជំងឺកូវីដ១៩ តាមគន្លងប្រក្រតីថ្មី (New Normal)ដោយគិតថ្លឹងថ្លែងរវាងម្ខាងការធានារក្សាឱ្យបាននូវលំនឹងសង្គម-សេដ្ឋកិច្ច និងម្ខាងទៀត ការបន្តប្រយុទ្ធនឹងជំងឺ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមខ្លឹមសារសង្ខេបសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ-១៩ ដ៏កាចសាហាវបាននិងកំពុងយាយី ហើយនាំមកនូវផលប៉ះពាល់ អវិជ្ជមានបញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់ និងពិភពលោកទាំងមូលដោយគ្មានការលើកលែងចំពោះប្រទេសណាមួយឡើយ ព្រមទាំងបានធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារធ្លាក់ចុះនូវប្រាក់ចំណូលហើយ ប្រជាជនមួយចំនួនធំនៅលើពិភពលោកធ្លា ក់ចូលទៅក្នុងភាពក្រីក្រវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្ពុជាក៏មិនអាចគេចរួចពីវិបាកអាក្រក់ទាំងនេះដែរហើយបាន និងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺនេះមកលើបញ្ហាសុខភាពសង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសគ្រួសារប្រជាជនក្រីក្រ និងងាយរងគ្រោះ។

ជាងនេះទៅទៀតការរាតត្បាតនៃជំងឺកូវីដ-១៩ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបាននាពេលកន្លងមកដោយលំបាកប៉ុណ្ណោះទេ តែថែមទាំងអាចបន្ទុចបង្អាក់ដល់កិច្ចដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា ពិសេសអាចនឹងពន្យាពេលនៃការឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផងដែរ។

ក្នុងន័យនេះ ថវិកាឆ្នាំ២០២១ គឺជាថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន។

ជ័យជម្នះរបស់កម្ពុជានៅលើសមរភូមិទប់ទល់ការរីករាលនៃជំងឺកូវីដ-១៩ ដោយមិនមានការឆ្លងចូល ក្នុងសហគមន៍ គិតមកទល់នឹងពេលនេះ មិនមែនបានមកដោយចៃដន្យទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here