ដោយៈម៉ាណេត
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា អ្នកអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ បាននិងកំពុងចាប់ផ្តើមធ្វើសកម្មភាពបណ្តើរឡើងវិញ ចាប់តាំងពីចុងមាសទី៣ និងដើមត្រីមាសទី៤នៃឆ្នាំនេះ បន្ទាប់វិស័យអចលនទ្រព្យកម្ពុជា ក៏ដូចជាវិស័យផ្សេងៗទៀត បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការផ្ទុះឡើងនូវវិបត្តិសេដ្ឋកិច្ចសកល។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុន បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ទាំងសកម្មភាពទិញ-លក់ និង ការអភិវឌ្ឍន៍ពីវិនិយោគិន លើវិស័យអចលទ្រព្យ បានចាប់ផ្តើមមានសន្ទុះឡើងវិញ គួរឱ្យកត់សម្គាល់នៅចុងត្រីមាសទី៣ និងនៅត្រីមាសទី៤នៃឆ្នាំ២០២០នេះ ។
លោកស្រីបន្តថា “ខ្ញុំអាចនិយាយបានថា នៅក្នុងឆ្នាំក្រោយនេះ នឹងមានសញ្ញាវិជ្ជមាន នៅក្នុងវិស័យរបស់យើងអាចនឹងល្អឡើងវិញ ព្រោះថាអ្នកអភិវឌ្ឍន៍មួយចំនួនបានចាប់ផ្តើមអភិវឌ្ឍន៍បណ្តើរៗ នៅក្នុងចុងត្រីមាសទី៣ និងដើមត្រីមាសទី៤នេះ ដោយមិនរងចាំនោះទេ បើទោះបីមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ” ។
លោកស្រីបន្ថែមទៀតថា យើងឃើញសញ្ញាវិជ្ជមាន សម្រាប់ឆ្នាំ២០២១វិស័យនឹងល្អប្រសើរជាងឆ្នាំ២០២០នេះ ជាពិសេសវានឹងអាចមានការរីកចំរើន ដោយសារអ្នកអភិវ ឌ្ឍន៍មានការទិញដីទុក ហើយនៅពេលដែលវិបត្តិ មានការធូស្បើយខ្លាំងហើយពួកគាត់នឹងចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងឆ្នាំក្រោយនេះ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា “សម្រាប់ការយល់ឃើញរបស់ខ្ញុំ នៅក្នុងឆ្នាំ២០២១ វាហាក់ដូចជាមានភាពស្រពេចស្រពិលនៅឡើយ សម្រាប់ធ្វើការព្យាករណ៍ ដោយសារតែវ៉ាក់សាំងមិនទាន់ប្រាកដប្រជា” ។
លោកបន្តថា ទោះជាយ៉ាងណាក៏ដោយ វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបន្តមានសកម្មភាព ជាពិសេសអតិថិជនក្នុងស្រុក នៅតែបន្តទិញ-លក់ ប៉ុន្តែអាចនឹងមិនកម្រើកច្រើននោះទេ៕