ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជា សម្រេចបានកំណើន១០,៦ភាគរយ

ដោយៈ សុខុម

ភ្នំពេញ: ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជា បានកត់ត្រាឃើញបុព្វលាភធានារ៉ាប់រង ជាចំនួនទឹកប្រាក់ ដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវបង់ សរុបរហូតដល់ទៅ៣៣១,៨លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយសម្រេចបានកំណើន១០,៦% បើធៀបនឹង២៩៩,៨លានដុល្លារអាមេរិក ដែលទទួលបានក្នុងឆ្នាំ២០២១។

របាយការណ៍របស់និយ័តករធានារ៉ាប់រងកម្ពុជា (IRC) បានបង្ហាញនៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ នេះថា កំណើននេះ សម្រេចបានដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បុព្វលាភធានារ៉ាប់រងសរុប នៃទីផ្សារធានារ៉ាប់រងទូទៅក្នុងឆ្នាំ២០២២ មានចំនួន១៣២,៣លានដុល្លារ ដោយកើនឡើង៧% បើធៀបនឹងឆ្នាំ២០២១ ខណៈបុព្វលាភធានារ៉ាប់រងអាយុជីវិត សរុបមានចំនួន១៩៣,៨លានដុល្លារ ដោយកើនឡើង១២,៦% និងបុព្វលាភធានារ៉ាប់រងខ្នាតតូចមានចំនួន៥,៧លានដុល្លារ ដោយកើនឡើង៣៥%។

របាយការណ៍ដដែលបង្ហាញទៀតថា ចំនួនសរុបនៃការទាមទារ សំ​ណងដែលទូទាត់ ដោយក្រុមហ៊ុនធានារ៉ាប់រង មានចំនួន៤៦,៦លានដុល្លារ កាលពីឆ្នាំមុន ដោយកើនឡើង២,១% បើធៀបនឹង៤៥,៦លានដុល្លារ ដែលត្រូវបានទាមទារក្នុងឆ្នាំ២០២១។

យោងតាមរបាយការណ៍នេះបង្ហាញថា ទីផ្សារធានារ៉ាប់រងកម្ពុជា នាពេលបច្ចុប្បន្ន មានតម្លៃទ្រព្យសកម្មសរុបប្រមាណ៩៧៧លានដុល្លារ ដោយកើនឡើង១៤.៨%ក្នុងអត្រាប្រចាំឆ្នាំ។

លោក ប៊ូ ចាន់ភីរ៉ូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) មានប្រសាសន៍ថា ឧស្សាហកម្មធានារ៉ាប់រង បានរួមចំណែកគ្របដណ្ដប់ប្រមា​ណ១,១%នៃផលទុនជាតិសរុប (GDP) របស់កម្ពុជា។

លោកបានបន្ថែមទៀតថា “នេះបង្ហាញថា កំណើននៃវិស័យធានារ៉ាប់រងនៅកម្ពុជា នៅមានកម្រិតទាបបើធៀបនឹងតំបន់ និងពិភពលោក។ វាបង្ហាញថា ទីផ្សារធានារ៉ាប់រងរបស់កម្ពុជា នៅមានឱកាសច្រើនទៀតក្នុងការរីកចម្រើន”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here