ខេត្តហៃណានប្រទេសចិនផ្សព្វផ្សាយពីកំពង់ផែពាណិជ្ជកម្មសេរី របស់ខ្លួនដល់កម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: ខេត្ត Hainan ភាគខាងត្បូងនៃប្រទេសចិន កាលពីថ្ងៃពុធម្សិលមិញនេះបានបើកវេទិកា ដើម្បីផ្សព្វផ្សាយអំពីកំពង់ផែពាណិជ្ជកម្មសេរី Hainan របស់ខ្លួនដល់មន្ត្រី សហគ្រិន និងអ្នកនាំចេញរបស់កម្ពុជា។

នៅក្នុងពិធីនេះ មានការចូលរួមពីសំណាក់មន្ត្រី និងធុរជនកម្ពុជា និងចិនប្រមាណ១៧០នាក់។

ថ្លែងក្នុងពិធីនេះ អភិបាលរងខេត្ត Hainan លោក Shen Danyang បានមានប្រសាសន៍ថា “ខេត្តហៃណាន និងកម្ពុជាមានភូមិសាស្ត្រជិតគ្នា ដែលមានភាពងាយស្រួល សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានលើកឡើង ពីគោលនយោបាយអំណោយផល និងសក្ដានុពលនៃការវិនិយោគ នៅក្នុងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន និងបានណែនាំអំពីកសិកម្ម ដែលមានប្រសិទ្ធភាពខ្ពស់ នៅតំបន់ត្រូពិចរបស់ខេត្តហៃណាន និងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ និងវប្បធម៌របស់ខ្លួនដល់អ្នកចូលរួមផងដែរ។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា “វាគឺជាការជួបជុំធុរកិច្ចកម្ពុជា-ចិនលើកដំបូង បន្ទាប់ពីប្រទេសចិនបានបង្កើនប្រសិទ្ធភាព យុទ្ធសាស្ត្រប្រឆាំងជំងឺកូវីដ-១៩ របស់ខ្លួន និងបើកដំណើរទេសចរណ៍ជាក្រុមទៅក្រៅប្រទេសឡើងវិញ”។

លោកក៏បានសាទរ ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសចិន ដោយបញ្ជាក់ថា ប្រទេសចិននៅតែជាក្បាលម៉ាស៊ីន នៃកំណើនពិភពលោក។

លោកបានបន្តថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) មិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយបង្កើនការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការក្នុងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ការវិនិយោគ និងហិរញ្ញវត្ថុ និងការផ្លាស់ប្តូរប្រជាជនទៅប្រជាជន ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក ហើ យBRI បានផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះសម្រាប់ទាំងអស់គ្នា។

លោកបានបន្ថែមថា “សម្រាប់ប្រទេសកម្ពុជា សមិទ្ធិផលជាច្រើនដូចជាផ្លូវថ្នល់ ស្ពាន រោងចក្រថាមពល អាកាសយានដ្ឋាន កំពង់ផែ និងតំបន់ឧស្សាហកម្មក៏ស្ថិតក្រោមគម្រោងBRIផងដែរ”។

លោក សុខ សុភ័ក្រ្ត បានបង្ហាញទំនុកចិត្តថា ទំហំពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-ចិន នឹងកាន់តែរីកធំឡើង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលជំរុញពីកតិកាសញ្ញាភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

នៅក្នុងព្រឹត្តិការណ៍នោះ កិច្ចព្រមព្រៀងចំនួន២ត្រូវបានចុះហត្ថលេខា ដែលគ្របដណ្តប់ លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការ វិស័យឧស្សាហកម្ម និងការវិនិយោគលើការដាំដុះម្រេច៕

LEAVE A REPLY

Please enter your comment!
Please enter your name here