ប្រជាពលរដ្ឋកម្ពុជាជាង២លាននាក់កំពុងប្រើប្រាស់ឥណទានពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ

 ដោយៈ លក្ខិណា

ភ្នំពេញៈ គិតត្រឹមដំណាច់ឆ្នាំ ២០២២នេះ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានអតិថិជន ខ្ចីប្រាក់សរុបចំនួន២,១លានគណនី ឬនាក់ ដែលមានកំនើនប្រមាណ១០ភាគរយ ធៀបនឹងឆ្នាំ២០២១កន្លងទៅ។

ទំហំឥណទានមានទឹកប្រាក់ សរុប៩.៣៨៤លានដុល្លារអាមេរិកកើនឡើងប្រមាណ២០ភាគរយ ធៀបនឹងឆ្នាំ ២០២១ ។ នេះបើតាមលោកកាំង តុងងឺ  អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឱ្យដឹងថា គិតត្រឹមពេលវេលានោះដែរ ក៏មានប្រជាជនកម្ពុជាប្រមាណ២,៧លាននាក់ឬគណនី បានដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានមីក្រូហិរញវត្ថុ ដែលមានទឹកប្រាក់ប្រមាណ៤.៧១៥លានដុល្លារ អាមេរិកកើនឡើងប្រមាណ១៤ភាគរយ ធៀបនឹងឆ្នាំ ២០២១កន្លងទៅ។

លោកកាំង តុងងីបានបន្តថា ដូចការរំពឹងទុកបន្ទាប់ពីការរឹតបន្តឹងយន្តការរៀបចំឥណទានឡើងវិញ ដើម្បីពង្រឹងស្ថេរភាពវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ឥណទានប្រឈមហានិភ័យ បានកើនឡើងដល់២,៥ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ នៅក្នុងដំណាច់ឆ្នាំ២០២២ បើធៀបនឹង១,៨ភាគរយក្នុងឆ្នាំ២០២១ ។

លោកតុងងីបន្ថែមថា តាមរបាយការណ៍បានបង្ហាញពីភាពរឹងមាំ នៃវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ រួមនឹងផលប៉ះពាល់ខ្លះៗ បណ្តាលមកពីសង្គ្រាមរុស្សីលើអ៊ុយក្រែន។ សម្រាប់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ នឹងផ្តោតអាទិភាព លើការជម្រុញកំណើនប្រកបដោយការទទួលខុសត្រូវ ដោយធ្វើការលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យ។ សមា​គមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាធានាអោយបាននូវតួនាទី ដ៏ចាំបាច់របស់វិស័យ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា។

ចំណែកលោកសុខ វឿនប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា ក្នុងបរិបទនេះធនាគារកណ្ដាល របស់សហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់ ជាបន្តបន្ទាប់រួចទៅហើយ ប៉ុន្តែសម្រាប់ការផ្ដល់កម្ចីឥណទានទៅកាន់អតិថិជន ក្នុងប្រទេសកម្ពុជាពីសំណាក់គ្រឹះស្ថានមីក្រុហិរញ្ញវត្ថុកម្ពុជា មិនមានការដំឡើងអត្រាការប្រាក់នោះទេ ពោលគឺអតិថិជននៅតែទទួលបានកម្ចីក្នុងអត្រាការប្រាក់ដូចមុន ។

លោកបន្តថា “ប្រជាពលរដ្ឋកម្ពុជាយើងជាច្រើននាក់ទៀត គាត់មិនបានមករកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការ ដើម្បីទទួលកម្ចីទេ តែគាត់បែរជារកកម្ចីពីស្ថាប័នដែលមិនផ្លូវការ និងមានអត្រាការប្រាក់ខ្ពស់ ដែលប្រឈមនឹងហានិភ័យនៃបំណុលវ័ន្តក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here