កម្ពុជាពពង្រីកសមត្ថភាពរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងបង្កើន ការផ្គត់ផ្គង់ទឹកស្អាត

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ចំនួនប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើង មានលទ្ឋភាពទទួលបានទឹកស្អាតប្រើប្រាស់ ស្របពេលរដ្ឋាភិបាលកំពុងពង្រីកសមត្ថភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទឹកកខ្វក់ ដើម្បីលើកកំពស់អនាម័័យនិងសុខមាលភាពសាធារណៈផងដែរ។

យោងតាមការបញ្ជាក់របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន​បង្ហាញថា តាមការប៉ាន់ស្មានក្នុងឆ្នាំ២០២០ ប្រជាជនកម្ពុជាចំនួន៦១,៧១​% ដែលរស់នៅក្នុងទីក្រុង និងទីប្រជុំជនសំខាន់ៗ បានទទួលការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់។ ដោយឡែក អាងប្រព្រឹត្តកម្មទឹកកខ្វក់មេកំពុងដំណើរការគិតត្រឹមឆ្នាំ២០២០មានចំនួន៤ និងមានសមត្ថភាពសរុបប្រមា​ណ៣៧,៨៥០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្នមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ថ្នាក់ជាតិ ចំនួន៦បន្ថែមទៀតកំពុងស្ថិតនៅក្រោមការរចនា និងសាងសង់ ហើយរំពឹងថាសមត្ថភាពសរុបនៃដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់ នឹងកើនឡើងដល់៨២,៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោករស់ វណ្ណារដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំ អនុគណៈកម្មការក្រុមការងារបច្ចេកទេសស្ដីពី ទឹកកខ្វក់ និងអនាម័យក្នុងទីក្រុងលើកទី៤ “4th Sub-TWG on Urban Wastewater and Sanitation” ជាមួយលោកស្រី Miyahara Ai តំណាងជាន់ខ្ពស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំ កិច្ចប្រជុំអនុគណៈកម្មការក្រុមការងារបច្ចេកទេសស្ដីពីទឹកកខ្វក់ និងអនាម័យក្នុងទីក្រុងលើកទី៤ “4th Sub-TWG on Urban Wastewater and Sanitation” ។

លោករដ្ឋលេខាធិការ បានលើកឡើងអំពីសារៈសំខាន់នៃទឹក និងអនាម័យក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពសាធារណៈ និងការកំណត់វិស័យទឹកកខ្វក់ជាវិស័យអាទិភាពខ្ពស់ ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ដែលក្នុងនោះរួមមាន ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ការពង្រឹងការគ្រប់គ្រង នគររូបនីយកម្ម ការរៀបចំផែនការមេហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗសម្រាប់គាំទ្រ ដល់ការអភិវឌ្ឍផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក ក៏ដូចជាប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ជាពិសេសប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ផងដែរ។

កិច្ចប្រជុំនេះមានការធ្វើបទបង្ហាញ និងបទអន្តរាគមន៍ពីក្រុមការងារតំណាងពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងពីដៃគូអភិវឌ្ឍន៍ ទាក់ទងនឹងវឌ្ឍនភាពការងារគម្រោង គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត បញ្ហាប្រឈមរបស់ខ្លួន និងផែនការយុទ្ធសាស្រ្ត ក្នុងការជំរុញការអនុវត្តគម្រោងនានាទាក់ទង នឹងបច្ចេកទេសគ្រប់គ្រងទឹកកខ្វក់ និងអនាម័យឱ្យមានប្រសិទ្ធភាព និងប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here