បឹង​កេងកង នៅតែ​បន្ត​ជាប់​ឈ្មោះ​ជា​តំបន់​មានតម្លៃ​អចលនទ្រព្យ​ខ្ពស់​ជាងគេប្រចាំ​ទីក្រុង​ភ្នំពេញ

ដោយៈ សាវុធ

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា កំពុង​បង្ហាញ​ភាព​រីកចម្រើន​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ខណៈ​បឹង​កេងកង ដែលជា​តំបន់​ពោរពេញ​ដោយ​គម្រោង​អភិវឌ្ឍ​ជាច្រើន នៅតែ​បន្ត​ជាប់​ឈ្មោះ​ជា​តំបន់ មានតម្លៃ​អចលនទ្រព្យ​ខ្ពស់​ជាងគេ​ប្រចាំ​ទីក្រុង​ភ្នំពេញ។

លោកស្រី​តាំង ហ៊ួ​រ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service  បាន​ថ្លែងប្រាប់​កាលពីពេលថ្មីៗនេះ​ថា បឹង​កេងកង​មានតម្លៃ​ថ្លៃ​ជាងគេ បើ​ប្រៀបធៀប​ទីតាំង​ទាំងអស់​នៅក្នុង​ទីក្រុង​ភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​បន្តថា “តំបន់​នេះ​មានតម្លៃ​ថ្លៃ​ស្រាប់​ទៅហើយ ប៉ុន្តែ​តម្លៃ​នៅតែ​បន្ត​កើន​ឡើងជា​រៀងរាល់ថ្ងៃ បើ​ក្រឡេក​ទៅ​មើល​តម្លៃ​ដី​នៅ​កែងជិតៗផ្លូវធំ តម្លៃ​ជិត១០,០០០ ដុល្លារ​ទៅហើយ​ក្នុង​មួយ​ម៉ែត្រការ៉េ” ។ លោកស្រី​បន្ថែមថា “ប៉ុន្តែ​បើ​ផ្លូវកាត់ៗ តម្លៃ​មិ​ដល់​ប៉ុណ្ណឹង​នោះទេ ហើយ​វា​ស៊ីសង​ទៅតាម​ទំហំ​ដី​តូចធំ​ផងដែរ” ។

បឹង​កេងកង១ និង​តំបន់​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង២ និង​ទី៣ បាន​ក្លាយជា​បណ្តុំ​សំណង់​អគារ​ខ្ពស់ ដែល​បម្រើ​លើ​វិស័យ​ពាណិជ្ជកម្ម ខុន​ដូ និង​អា​ផាត​មិន​ដែលជា​ប្រភេទ​តម្លៃ​កម្រិត​ខ្ពស់ បច្ចុប្បន្ននេះ​ក៏​នៅតែ​បន្ត​ប្រជាប្រិយភាព និង​ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​ធំ​បន្ថែមទៀត។

យោង​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ Invest Asian បានឱ្យដឹងថា បឹង​កេងកង​គឺជា​សង្កាត់ មាន​ប្រជាជន​រស់នៅ​កាន់តែ​ច្រើនឡើង ដែល​ស្ថិតនៅក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ជាមួយនឹង​កន្លែង​ស្នាក់នៅ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​កាន់តែច្រើន វា​ក្លាយជា​តំបន់​ដែល​គួរអោយ​ចង់​រស់នៅ​បំផុត​នៅក្នុង​ទីក្រុង។

គេហទំព័រ​ដដែល​បន្ត​ថា បឹង​កេងកង​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា តំបន់​នេះ ជា​សហគមន៍​សម្រាប់​ជនបរទេស និង​ជា​កន្លែង​ដែលមាន​ស្ថានទូត និង​ធុរកិច្ច​អន្តរជាតិ​ជាច្រើន ក្នុងនោះ​វត្ត​មាននៃ​សាលា​អន្តរជាតិ បាន​ទាក់ទាញ​ក្រុមគ្រួសារ​ជនបរទេស​ផងដែរ ដោយសារ​តំបន់​បឹង​កេងកង មាន​ប្រជាប្រិយ​ភាពខ្លាំង ក្នុងចំណោម​ជនបរទេស​ទីផ្សារ​ខុន​ដូរ​បស់​វា​មានតម្លៃ​ថ្លៃ។

ខុន​ដូ​មួយ​យូ​នី​ត​ជាធម្មតា មានតម្លៃ​ជាង២០០,០០០ដុល្លារ ហើយ​អ្នកទិញ​ទំនងជា​នឹង​ទទួលបាន​ប្រាក់ចំណេញ​មកវិញ​នូវ​ការវិនិយោគ។ ទោះយ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នកទិញ​កំពុង​ស្វែងរក​កន្លែង​រស់នៅ បឹង​កេងកង​គឺ​នៅតែ​ជា​ជម្រើស ដ៏​គួរឱ្យ​ទាក់ទាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here