រដ្ឋាភិបាលផ្តល់ការធានាកម្ចីដល់សហគ្រាសកើនឡើងដល់ជាង៩០លានដុល្លារ

ដោយ៖ សុថារី

ភ្នំពេញ៖ ក្នុងមួយឆ្នាំ២០២២ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាលើការផ្តល់កម្ចី ក្នុងទំហំទឹកប្រាក់​៩២លានដុល្លារ ដល់​សហគ្រាសធុនតូច និងមធ្យម​ ចំនួន៩៨៥ ​ដែលគ្មានលទ្ធភាពដាក់ទ្រព្យបញ្ចាំ។

ការគាំទ្រនេះ គឺដើម្បីទទួលបាននូវកម្ចី សម្រាប់ស្តារ និងពង្រីកអាជីវកម្មក្នុង និងក្រោយដំណាក់កាលរីករាលដាលជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានថ្លែងថា CGCC បានចាប់ផ្តើមផ្តល់ការធានាឥណទានដំបូង នៅក្នុងខែមីនា ឆ្នាំ២០២១។ ក្នុងចំណោមធានាកម្ចីប្រមាណ៩២លានដុល្លារនេះ២៥%ជាសហគ្រិនស្រី្ត ៦៥% កម្ចីគ្មានទ្រព្យធានា និង៩៦% ជាកម្ចីរបស់សហគ្រាសធុនតូច និងមធ្យម រួមទាំងកម្ចីខ្នាតតូច។

លោកអគ្គនាយកបញ្ជាក់ថា ពេលខាងមុខ CGCC មានបំណងចូលគាំទ្រការធានាឥណទាន ដល់វិស័យកសិកម្ម និងហិរញ្ញប្បទានបៃតងផងដែរ។ ទន្ទឹមគ្នានេះ CGCC នឹងបន្តពង្រីកក្នុងភាពជាដៃគូជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីសម្រេចបាននូវបរិយាបន្នហិរញ្ញវត្ថុ។

លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា CGCC ​បានដើរតួនាទីយ៉ាងសំខាន់ ​ក្នុងបម្រើបាននូវសេចក្តីត្រូវរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលកំពុងតែជួបបញ្ហាលំបាក នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ​ហើយត្រូវការឥណទានពីធនាគារ ដើម្បីអាជីវកម្មរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here