វិស័យ​អចលនទ្រព្យ​នឹង​កាន់តែ​អភិវឌ្ឍន៍​នៅ​តំបន់​ភាគខាងត្បូង​នាពេល​អនាគត

ដោយ ហ្សូ​លី

ភ្នំពេញៈ តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ត្រូវបាន​អ្នកជំនាញ​ដែល​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ជាច្រើន បានលើកឡើង​ពី​សក្តានុពល​តំបន់ ក៏ដូចជា​ការព្យាករណ៍​ទៅ​ពេលអនាគត​លើ​តំបន់​នេះ ដែលថា​វិស័យ​អចលនទ្រព្យ នឹង​កាន់តែ​អភិវឌ្ឍ​នៅ​តំបន់​នោះ។

លោកស្រី​ចេ​វ សុ​ឃុន ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​ថ្លែងប្រាប់​គេហទំព័រ Property Area Asia នៅ​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០នេះ​ថា វិស័យ​អចលនទ្រព្យ​នៅ​តំបន់​ភាគខាងត្បូង នឹង​កាន់តែ​អភិវឌ្ឍ រីកចម្រើន​ខ្លាំង នៅពេល​អនាគត ជាក់ស្តែង​ដូចជា​នៅ​តំបន់​ខណ្ឌដង្កោ​ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​សង្កេតឃើញថា ខណ្ឌដង្កោ​ក្នុងពេល​បច្ចុប្បន្ននេះ មាន​គម្រោងធំៗជាច្រើន​សម្រុក​ទៅ​អភិវឌ្ឍ​នៅ​តំបន់​នោះ មិន​ថា​ជា​អគារ​សហកម្ម​សិទ្ធ​ដូចជា ខុន​ដូ ប៉ុន្តែ​មានដូចជា​អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប បំ​ណ្តុំ​បុរី​លំនៅដ្ឋាន​ជាដើម។

ប្រធាន​សមាគម​រូបនេះ​បាន​បន្តថា កត្តា​ទាំងអស់នេះ ដែល​ធ្វើឱ្យ​អ្នក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ ក៏ដូចជា លោកស្រី​ផ្ទាល់​សម្លឹង​ឃើញ​ពី​សក្តានុពល តំបន់​ភាគខាងត្បូង​មួយ​នេះ ថា​នឹង​អាច​កាន់​តែមាន​វឌ្ឍនភាព លើ​វិស័យ​អចលនទ្រព្យ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

ជាមួយគ្នា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ ធ្លាប់បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ នៅតែមាន​ភាព​ទាក់ទាញ លើ​ការអភិវឌ្ឍន៍​គម្រោង​សំណង់​បុរី និង​លំនៅដ្ឋាន​ដ៏​មាន​ប្រជាប្រិយភាព។ នៅ​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង ទៅលើ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន ជាពិសេស​នៅ​តំបន់ ដែល​កំពុង​អភិវឌ្ឍ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​មហាវិថី​សម្ដេច​តេ​ជោ (ផ្លូវ៦០ម៉ែត្រ)។

លោកស្រី​បានបញ្ជាក់​ទៀតថា ក្នុង​ខណ្ឌដង្កោ តម្លៃ​លំនៅដ្ឋាន​ក៏​មិន​ក្រោម​ជាង១០ម៉ឺន​ដុល្លារ​នោះដែរ ដោយ​សព្វថ្ងៃនេះ ក៏មាន​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ជាច្រើន កំពុងតែបន្ត​សកម្មភាព​សាងសង់​ជា​បន្តបន្ទាប់។

នៅពេល​ដ៏​ខ្លី​ខាងមុខនេះ តំបន់​ប៉ែក​ខាងត្បូង​នឹងមាន​កំណើន ប្រជាជន​រស់នៅ​ច្រើន ដោយសារតែ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ត្រូវបាន​រាជរដ្ឋាភិបាល​រៀបចំ និង​អភិវឌ្ឍន៍​រួចរាល់ ជាពិសេស​ជា​តំបន់​ដែល​ប្រមូលផ្តុំ ទៅដោយ​មណ្ឌល​ពាណិជ្ជកម្ម ដែល​អនុគ្រោះ​ដល់​ការរស់នៅ​កាន់តែ​ប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here