​ប្រទេសចិនទិញអង្កពីកម្ពុជាជិត៣០ម៉ឺនតោនកាលពីឆ្នាំមុន

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ទីផ្សារ​ប្រទេស​ចិន បាន​ស្រូប​ចំណែក​អង្ករ​នាំ​ចេញពី​កម្ពុជា​ប្រមាណ​២៩​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០២២ ដែល​ក្លាយជា​ទីផ្សារ​ស្រូប​ទាញ​អង្ករ​ច្រើនជាងគេ ​នៃ​បរិ​មាណនៃ​ការនាំចេញ​សរុប​ក្នុង​ឆ្នាំ​២០២២ សម្រេចបាន​ជិត៦៤​ម៉ឺន​តោន​។ នេះ​បើ​យោងតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF)។

ទិន្នន័យ​បង្ហាញថា ក្នុង​ឆ្នាំ​២០២២ កម្ពុ​ជាមាន​នាំចេញ​អង្ករ​សរុប ៦៣៧ ០០៤​តោន កើនឡើង ១៩ ៩៣៥​តោន ឬ​ស្មើនឹង ៣,២៣​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដោយ​ក្នុងនោះ​ការនាំចេញ​អង្ករ​ក្រអូប​ប្រណីត មាន​បរិមាណ ២៧៧ ៧៣៩​តោន ស្មើនឹង ៤៤​ភាគរយ​, អង្ករ​សែន​ក្រអូប ១៧៩ ០៧០​តោន ស្មើនឹង ២៨​ភាគរយ​, អង្ក​រស ១៥៣ ៤២៨​តោន ស្មើនឹង ២៤​ភាគរយ​, អង្ករ​ចំហុយ​១៥ ៧៨១​តោន ស្មើនឹង ២​ភាគរយ​, អង្ករ​សរីរាង្គ ១០ ៩៦៣​តោន ស្មើ​ជិត ២​ភាគរយ និង​អង្ករដំណើប​២៣​តោន​។​

សម្រាប់​បរិមាណ​នាំចេញ​ខាងលើ គឺធ្វើឡើង​តាមរយៈ​ក្រុមហ៊ុននាំចេញ​សរុប ៦១ ដោយ​នាំទៅ​ប្រទេស​ចំនួន៥៩​នៅលើ​ពិភពលោក​នេះ គឺ​រួម​មាននៅ​ទៅ​ទីផ្សារ​ប្រទេស​ចិន (​រួមទាំង​តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ​) បាន​ចំនួន២៨៨ ៨៣០​តោន ស្មើនឹង៤៥,៣៤​ភាគរយ ​នៃ​ការនាំចេញ​សរុប​, ប្រទេស​នៅ​ទ្វីបអឺរ៉ុប​(២៥​ប្រទេស​)​ ចំនួន ២២១ ៥០៤​តោន ស្មើ ៣៥​ភាគរយ ប្រទេស​សមាជិក​អាស៊ាន​(៤ ប្រទេស​) បាន ៦៤ ៧៣៣​តោន ស្មើនឹង ១០​ភាគរយ និង​បណ្តា​គោលដៅ​ផ្សេងៗ​នៅ​អាហ្វ្រិក អាមេរិក អូស្ត្រាលី អឺរ៉ុប និង​ដែន​កោះ​ (​ចំនួន ២៧​ប្រទេស ) បាន​បរិមាណ​សរុប ៦១ ៩៣៧​តោន ស្មើនឹង ១០​ភាគរយ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម CRF ទឹកប្រាក់​ដែល​កម្ពុជា​ទទួលបាន​ ពី​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប ក្នុង​ឆ្នាំ​២០២២ គឺមាន ៤១៤,២៩ លាន​ដុល្លារ​។​

បើតាម CRF ក្រៅពី​នាំចេញ​អង្ករ កម្ពុជា​ក៏បាន​នាំចេញ​ស្រូវ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ចំនួន ៣ ៤៧៧ ៨៨៦​តោន ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ​ជា ៨៤១,០៩​លាន​ដុល្លារ​អាមេរិក​ផងដែរ​។​

លោក​ឡាយ ឈុន​ហួ អគ្គនាយក​ក្រុមហ៊ុន City Rice Import Export ដែលជា​ក្រុមហ៊ុន​នាំ​អង្ករ​«​អង្ករ​រំដួល​»​របស់​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ក្នុង​វេទិកា​ ស្រូវ​-​អង្ករ​ពិភពលោក រហូត​ទទួលបាន​ពានរង្វាន់​លេខ​១ជា “​អង្ករ​ល្អ​ដាច់​គេ” ប្រចាំឆ្នាំ​២០២២។

ប្រភព CRF បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​៥ ខែមករា ថា ទោះបី​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ កាលពី​ឆ្នាំ​២០២២ កើនឡើង​ធៀប​នឹង​ឆ្នាំ​២០២១ ប៉ុន្តែ​សម្រាប់​ការនាំចេញ​អង្ករ​ទៅ​ប្រទេស​ចិន គឺ​មិនបាន​កើនឡើង​នោះទេ​។

មូលហេតុ​ចម្បងៗ​មួយចំនួន​ ដែល​ធ្វើឱ្យ​ការនាំចេញ​អង្ករ​ទៅ​ចិន​កាលពី​ឆ្នាំមុន​ធ្លាក់ចុះ គឺ​ភាពមិនច្បាស់លាស់ ​នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក និង​ប្រទេស​ចិន​ ការដំឡើង​អត្រា​ការប្រាក់​ដុល្លារ​អាមេរិក ដែល​ជះឥទ្ធិពល​ដល់​ស្ថិរភាព​អត្រា​ប្តូរប្រាក់​យន់ (​ធ្វើឱ្យ​តម្លៃ​អង្ករ​នាំចូល​ដាក់លក់​លើ​ទីផ្សារ​ប្រទេស​ចិន​កើនឡើង​) និង​ស្តុក​អង្ករ​សល់​យ៉ាងច្រើន ​នៅ​ប្រទេស​ចិន​កាលពី​ឆ្នាំ​២០២១ (​ការប្រមូលទិញ​អង្ករ​ច្រើន​ ដោយសារ​ក្តីបារម្ភ​ខ្លាំង​ពី​វិបត្តិ​កូ​វីដ​១៩)​។​

លោក​បាន​ថ្លែងថា ​ក្រៅពី​កត្តា​ទាំង៣ខាងលើ ការធ្លាក់ចុះ​យ៉ាងច្រើន​នៃ​ទិន្នផល​អង្ករ​ក្រអូប​កម្ពុជា​(​ប្រភេទ​អង្ករ​ពេញនិយម​នៅ​ប្រទេស​ចិន​) កាលពី​អំឡុង​ខែកក្កដា ដល់​ខែកញ្ញា ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​ការនាំចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ ធ្លាក់​ទាប​ជាង​ក្នុង​ឆ្នាំ​២០២១ ផងដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here