ប្រទេសថៃ​ច្រានចោលការ​ចោទប្រកាន់របស់សហរដ្ឋអាមេរិកទាក់ទងការលក់បន្ទះសូឡាបង្ខូចថ្លៃ

ដោយ: លាងហួរ

បាងកក: ក្រសួងពាណិជ្ជកម្មថៃ បានឆ្លើយបដិសេធសេចក្តីសម្រេចចិត្តបឋមរបស់សហរដ្ឋអាមេរិក ដែលថាបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលនាំចូលពីប្រទេសថៃ កំពុងគេចវេសពីវិធានការប្រឆាំង ការលក់បង្ខូចថ្លៃរបស់សហរដ្ឋអាមេរិក។

ក្រុមអាជ្ញាធរអាមេរិក បានចេញផ្សាយការសម្រេចចិត្ត កាលពីថ្ងៃទី៨ ខែធ្នូថា បន្ទះសូឡា និងម៉ូឌុល ដែលនាំចូលពីក្រុមហ៊ុនផលិត ក្នុងប្រទេសថៃ វៀតណាម ម៉ាឡេស៊ី  និងកម្ពុជា កំពុងប្រើប្រាស់គ្រឿងបន្លាស់ពីប្រទេសចិន ដោយនេះបង្ហាញពីចេតនា ដើម្បីគេចវេសពីវិធានការប្រឆាំងការលក់បង្ខូចថ្លៃរបស់សហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ ខែធ្នូកន្លងទៅ ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​អះអាងថា ខ្លួន​បាន​ផ្ញើ​លិខិត​ជំទាស់​ទៅ​កាន់ លោកស្រីLisa Wang ជំនួយការ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក សម្រាប់​ការ​អនុវត្ត​ច្បាប់ និង​ការ​អនុលោម​តាម​ច្បាប់ ដើម្បី​ការពារ​ក្រុមហ៊ុននាំ​ចេញ​របស់​ប្រទេស​ថៃ។

ក្នុង​ការ​សម្រេច​ជា​បឋម​នេះ សហរដ្ឋ​អាមេរិក​បាន​ជ្រើសរើស​អ្នកនាំ​ចេញ​របស់ប្រទេសថៃ​តែ​២រូបប៉ុណ្ណោះ​ ដើម្បី​ចោទ​សួរ​អំពី​ប្រភព​ដើម​នៃ​សម្ភារៈ​របស់​ពួកគេ។

លោក Ronnarong Phoolpipat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសបានមានប្រសាសន៍ថា តំណាងរបស់សហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅប្រទេសថៃ ដើម្បីស៊ើបអង្កេតអាជីវកម្មបន្ទះ ស្រូបពន្លឺព្រះអាទិត្យ មុននឹងបញ្ចប់ការសម្រេចចុងក្រោយ លើការអនុវត្តការប្រឆាំងការលក់បង្ខូចថ្លៃនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនផលិតបន្ទះសូឡារបស់ប្រទេសថៃ នៅតែអាចនាំចេញបន្ទះស្រូបពន្លឺព្រះអាទិត្យ ទៅកាន់សហរដ្ឋអាមេរិក ដោយមិនគិតពន្ធ ក្រោមការបញ្ជាទិញរបស់ប្រធានាធិបតីអាមេរិក ដែលលើកលែងពន្ធនាំចូល លើផលិតផលថាមពលពន្លឺព្រះអាទិត្យ ពីប្រទេសទាំង៤រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here