ADBអនុម័តកញ្ចប់ថវិកាជិត៦៣លានដុល្លារអាមេរិកដើម្បីជួយកម្ពុជាលើកកម្ពស់សន្តិសុខស្បៀង

ដោយៈលក្ខិណា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៦២,៩ លានដុល្លារ ដើម្បីជួយកម្ពុជាលើកកម្ពស់សន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្នដោយការកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផល បសុសត្វ។

អ្នកជំនាញជាន់ខ្ពស់ផ្នែកបំរែបំរួលអាកាសធាតុរបស់ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Srinivasan Ancha មានប្រសាសន៍ថា អនុវិស័យបសុសត្វមានសារៈសំខាន់ណាស់ ចំពោះជីវភាពរស់នៅតាមតំបន់ជនបទ ប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា ហើយវាផ្តល់ឱកាសជាច្រើន សម្រាប់កសិករលក្ខណៈគ្រួសារ រួមទាំងស្ត្រី និងកសិអាជីវកម្មខ្នាតតូច និងមធ្យម។

លោកបន្តថា សត្វពាហនៈ គោ និងក្របី ស្ទើរតែទាំងអស់គឺជាកម្មសិទ្ធិរបស់កសិករលក្ខណៈគ្រួសារ ទោះបីជាផលិតកម្មជ្រូក និងបសុបក្សីកំពុងមានលក្ខណៈជាពាណិជ្ជកម្ម កាន់តែខ្លាំងឡើងក៏ដោយ។ ជំនួយរបស់ ADB នឹងអនុញ្ញាតឱ្យអនុវិស័យនេះ អាចទាញយកសក្តានុពលនៃកំណើនខ្ពស់ នាំមកដោយការកើនឡើង នៃការប្រើប្រាស់សាច់ក្នុងស្រុក ដែលកើតឡើងដោយសារកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ចំនួនប្រជាជនកើនឡើងឱកា​សពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរជាលំដាប់ក្នុងការគ្រប់គ្រងជំងឺ និងអាហារូបត្ថម្ភសម្រាប់សត្វ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែន ក្នុងមហាអនុតំបន់មេគង្គ (GMS) នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ ដល់គ្រួសា​រយ៉ាងហោចណាស់៤0.000 ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ឧត្តរមានជ័យ ព្រៃវែង សៀមរាប និងតាកែវ តាមរយៈការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពស្ថាប័ននិងបច្ចេកទេស និងគោលនយោបាយគាំទ្រសំខាន់ៗ។

វាក៏នឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តកណ្តាល កំពង់ធំ និងពោធិសាត់ ដើម្បីបំពេញតម្រូវការទូទាំងប្រទេស សម្រាប់វ៉ាក់សាំងបសុសត្វ និងការបង្កាត់ពូជសិប្បនិម្មិត។ គម្រោងនេះនឹងលើកកម្ពស់ផលិតភាព និងភាពធន់នៃអនុវិស័យបសុសត្វ ដោយកាត់បន្ថយហានិភ័យនៃជំងឺសត្វឆ្លងដែន ជំងឺឆ្លងពីសត្វ និងភាពសាំនឹងថ្នាំសំលាប់មេរោគ បង្កើតការត្រួតពិនិត្យសុខភាពសត្វ និងការផ្តល់សេវា ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពម្ហូបអាហារ និងជំរុញកិច្ចសហប្រតិបត្តិការ នៅអនុតំបន់ក្នុងមហាអនុតំបន់មេគង្គ។

ជំនួយរបស់ ADB នឹងលើកកម្ពស់ផលិតកម្មបសុសត្វ បត់បែនតាមអាកាសធាតុ ដែលជាវិធីសាស្រ្តធ្វើអន្តរកម្ម និងតម្រង់ទិសប្រព័ន្ធបសុសត្វឆ្លើយតបនឹងបំរែបំរួលអាកាសធាតុ ព្រមទាំងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើន ក្នុងមួយតោននៃសាច់ដែលផលិត ធ្វើអោយប្រសើរឡើងនូវនិរន្តរភាពតាមខ្សែសង្វាក់តម្លៃបសុសត្វ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងស្តាឡើងវិញពីកូវីដ១៩។

វាក៏នឹងគាំទ្រដល់ការអនុវត្តវិធីសាស្រ្ត One Health ដែលមានបំណងធ្វើឱ្យមានតុល្យភាពប្រកបដោយនិរន្តរភាព និងធ្វើឱ្យសុខភាពរបស់មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ីកាន់តែប្រសើរឡើង ពង្រឹងការចូលរួមរបស់វិស័យឯកជន និងជួយធ្វើអន្តរកម្មការគ្រប់គ្រងបសុសត្វ ឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រងឌីជីថល និងសេវាកម្មព័ត៌មាន។

គម្រោងនេះ នឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយប្រាក់កម្ចីចំនួន៥0 លានដុល្លារពីធនធានសម្ប ទានរបស់ADB   ជំនួយមូលនិធិអភិវឌ្ឍន៍អាស៊ី(ADF) ចំនួន១២លានដុល្លារ និងជំនួយឥតសំណងចំនួន $៩00.000 ពីមូលនិធិបំរែបំរួលអាកាសធាតុ(CCF)។ មូលនិធិអភិវឌ្ឍន៍អាស៊ី ផ្តល់ជំនួយដល់ប្រទេស សមាជិកកំពុងអភិវឌ្ឍរបស់ADB ហើយមូលនិធិអភិវឌ្ឍន៍អាស៊ី មានគោលបំណងពង្រឹងការគាំទ្រដល់ ការអភិវឌ្ឍប្រកបដោយកាបូនទាបនិងភាពធន់នឹងអាកាសធាតុ ក្នុងប្រទេសសមាជិកកំពុងអភិវឌ្ឍ។

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)នឹងផ្តល់ប្រាក់កម្ចីចំនួន៤៣លានដុល្លារដល់គម្រោងនេះ ដែលចំនួននេះនឹងត្រូវគ្រប់គ្រងដោយADB ។

គម្រោងនេះគឺស្របតាមផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រ ភាពជាដៃគូប្រចាំប្រទេសរបស់ADB សម្រាប់ប្រទេសកម្ពុជា ឆ្នាំ ២០១៩-២០២៣៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here