ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស TSMC គ្រោងបោះទុន៤០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក  ដើម្បីបម្រើតម្រូវការក្រុមហ៊ុនApple

ដោយ: លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សលំដាប់ពិភពលោក  Taiwan Semiconductor Manufacturing Co.(TSMC) គ្រោងបង្កើនការបោះទុនវិនិយោគរហូតដល់៤០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយនេះគ្រោងនាំយកបច្ចេកវិទ្យាផលិតបន្ទះឈីបទំនើបបំផុត  របស់ពិភពលោកមកកាន់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៦ ដែលនេះជាជ័យជម្នះសម្រាប់កិច្ចខិតខំជំរុញរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះផ្នែកសំខាន់ៗនៃខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor ក្នុងស្រុករបស់ខ្លួន។

ក្រុមហ៊ុន TSMC បានប្រកាសកាលពីថ្ងៃអង្គារ ទី០៦ ខែធ្នូ ថាខ្លួននឹងបង្កើនការវិនិយោគនៅក្នុងរដ្ឋ Arizona ដែលជាទីតាំងសាងសង់រោងចក្រផលិតបន្ទះឈីបតម្លៃ១២ពាន់លានដុល្លារ ហើយក្រុមហ៊ុនគ្រោងបោះទុនរហូតដល់៤០ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រទី២ ដែលកាន់តែទំនើបនៅទីនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីប្រកាសនេះបានធ្វើឡើងមុនពិធីដំឡើងបរិក្ខារនៅឯរោងចក្រទីមួយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូបៃដិន និងនាយកប្រតិបត្តិឧស្សាហកម្មបច្ចេកវិទ្យាជាច្រើន នឹងមានវត្តមានចូលរួមផងដែរ។

មន្ត្រីសេតវិមានមួយរូប បានមានប្រសាសន៍ថា រោងចក្រថ្មីទី២គ្រោងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៦ ហើយវានឹងក្លាយជារោងចក្រដំបូងគេនៅក្នុងសហរដ្ឋអាមេរិក ដែលផលិតបន្ទះឈីបប្រភេទទំនើបបំផុត 3 nanometer។

ស្របតាមផែនការពង្រីករោងចក្រនេះ ក្រុមហ៊ុន TSMC គ្រោងបង្កើនកម្លាំងពលកម្មការងាររបស់ខ្លួននៅក្នុងរដ្ឋ Arizona រហូតដល់៤.៥០០នាក់ ខណៈផែនការដំបូងមានត្រឹមតែ១.៦០០នាក់ប៉ុណ្ណោះ។

នៅក្នុងឆ្នាំ២០២៤ខាងមុខ រោងចក្រទី១ដំបូងគេរបស់ក្រុមហ៊ុន TSMC នឹងចាប់ផ្តើមផលិតបន្ទះឈីបប្រភេទ 4-nm ដែលប្រើសម្រាប់ដំណើរការទូរស័ព្ទដៃ iPhone 14 Pro នាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន Apple និងក្រុមហ៊ុនផលិតបន្ទះឈីប AMD និង Nvidia នឹងស្ថិតក្នុងចំណោមអតិថិជនដំបូងគេ ដែលទិញបន្ទះឈីបពីរោងចក្រ Arizona របស់ក្រុមហ៊ុន TSMC។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុន និងសេតវិមាន។

ក្រុមហ៊ុន AMD បានបញ្ជាក់ប្រាប់សារពត៌មាន Nikkei Asia ថាខ្លួនទន្ទឹងរង់ចាំទិញផលិតផលបន្ទះឈីបកម្រិតខ្ពស់បំផុត ដែលត្រូវបានបង្កើតឡើងដោយរោងចក្រ Arizona ។

លោក Jensen Huang នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបោះទុនវិនិយោគរបស់ក្រុមហ៊ុន TSMC ទៅកាន់សហរដ្ឋអាមេរិក គឺជាគន្លឹះមួយនិងជាការអភិវឌ្ឍផ្លាស់ប្តូរសម្រាប់វិស័យឧស្សាហកម្មនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here