វិស័យលំនៅដ្ឋាន នៅតែបន្តបង្ហាញភាពរឹងមាំនៅក្នុងត្រីមាសចុងក្រោយ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ គម្រោងដីបុរីថ្មីចំនួន៤ ត្រូវបានបញ្ចប់ និងប្រគល់ជូនអតិថិជននៅខណ្ឌចំនួន ៤ ដូចជាខណ្ឌមានជ័យ ច្បារអំពៅ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌជ្រោយចង្វារក្នុងរយៈពេល ៦ ខែគិតចាប់ពីត្រីមាសទី ២ ឆ្នាំ ២០២០ ដល់ត្រីមាសទី ៣ ឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia។

របាយការណ៍បានបន្តថា “អ្វីដែលគួរអោយកត់សំគាល់ជាងនេះគឺថា ក្នុងរយៈពេលដូចគ្នា ហើយទោះបីមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ដែលកំពុងបន្តកើតមាន គម្រោងចំនួន១២ ត្រូវបានដាក់ដំណើរការនៅទូទាំង ៧ ខណ្ឌស្មើ នឹងប្រមាណ ៤០០០ យូនីត ដែលបង្ហាញពីការបន្តមានទំនុកចិត្តរឹងមាំលើវិស័យនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខណ្ឌសែនសុខ បន្តទទួលបានគម្រោងថ្មីៗច្រើនជាង ដោយគម្រោងចំនួន៤ចាប់ផ្តើមដាក់ដំណើរការសាងសង់ ខណៈដែលជ្រោយចង្វារ និងមានជ័យទាំងពីរ បានឃើញការបន្ថែមគម្រោងថ្មីចំនួន ២រៀងខ្លួន។

អ្នកអភិវឌ្ឍន៍ ដែលមានស្រាប់ បានចូលរួមចំណែកដល់គម្រោងភាគច្រើន ទោះយ៉ាងណាអ្នកអភិវឌ្ឍន៍ថ្មី បានចំណែក២៥% នៃការបើកដំណើរគម្រោងថ្មីក្នុងរយៈពេលនេះ ដែលបង្ហាញពីការផ្គត់ផ្គង់យ៉ាងទូលំទូលាយនាពេលអនាគតនៅក្នុងវិស័យនេះ។
តម្លៃលក់នៅក្នុងវិស័យលំនៅដ្ឋានជាប់ដី មិនបានបង្ហាញពីសញ្ញានៃការធ្លាក់ចុះក្នុងរយៈពេលពីរត្រីមាសចុងក្រោយនេះទេ។ ដោយមានតម្រូវការក្នុងស្រុកខ្លាំង តម្លៃជាមធ្យមនៅតែបន្តកើនឡើង។

បើប្រៀបធៀបទៅនឹងត្រីមាសទី ១ ឆ្នាំ ២០២០ តម្លៃលក់ជាមធ្យមនៃផ្ទះល្វែងបានកើនឡើង ៣,៤ភាគរយ ផ្ទះLinkhouses បានកើនឡើង១២,៥ភាគរយ ផ្ទះ Shophouses កើនឡើង ៥,៤ភាគរយ និងផ្ទះវីឡាភ្លោះ កើនឡើង ៩,២ ភាគរយ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ថា កំណើននៃតម្រូវការលើវិស័យលំនៅដ្ឋាន ជាពិសេសប្រភេទលំនៅដ្ឋានជាន់ផ្ទាល់ដី គឺនៅតែបន្តមានតម្រូវការដដែល ហើយតម្លៃលក់នៅក្នុងវិស័យនេះមិនបានបង្ហាញពីសញ្ញានៃការធ្លាក់ចុះនោះទេ ផ្ទុយទៅវិញគឺមានការកើនឡើងក្នុងរង្វង់ប្រមាណ ៥ ភាគរយ ដែលផ្ទុយពីតម្លៃប្រភេទផ្ទះវីឡាធំៗ ដែលមានការធ្លាក់ចុះបន្តិច គិតជាមធ្យមប្រមាណ៥ភាគរយបើធៀបទៅនឹងឆ្នាំកន្លងទៅ។

លោកស្រីបានបញ្ជាក់ឱ្យដឹងថា តាមរយៈទិន្នន័យ និងការវិភាគដែលមានភាពត្រឹមត្រូវ និងទូលំទូលាយមានសារៈសំខាន់ណាស់សម្រាប់ការសម្រេចចិត្ត ដែលបានជូនដំណឹងជាពិសេសនៅក្នុងទីផ្សារដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសផ្តោតលើតំបន់នានានៅរាជធានីភ្នំពេញ។ របាយការណ៍នៃការទិញលក់អចលនៈទ្រព្យនៅទូទាំងរាជធានីភ្នំពេញ គឺជាវេទិកាថ្មីមួយដែលផ្តល់ជូនអតិថិជននូវលទ្ធភាពទទួលបានការស្រាវជ្រាវស៊ីជម្រៅដែលឈានមុខគេនៅក្នុងទីផ្សាររបស់ CBRE៕

LEAVE A REPLY

Please enter your comment!
Please enter your name here