រដ្ឋាភិបាលផ្សព្វផ្សាយពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំស្តីពី ការអប់រំផ្សព្វផ្សាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដើម្បីលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភមាតា និងទារក។

លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា គោលបំណងសិក្ខាសាលានេះ ដើម្បីពង្រឹងសមត្ថភាព និងជំរុញប្រសិទ្ធភាពការងារ របស់អ្នកទទួលបន្ទុកអប់រំផ្សព្វផ្សា​យ ព្រមទាំងបង្កើនការយល់ដឹងអំពីការថែទាំសុខភាព និងអាហារូបត្ថម្ភមាតានិងទារក ឲ្យកាន់តែទូលំទូលាយដល់សហគមន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឲ្យដឹងថា គិតចាប់ពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្នតាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលកម្ពុជា បានបើកប្រាក់ឧបត្ថម្ភជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ចំនួនប្រមាណ២៩ម៉ឺននាក់ ស្មើទំហំទឹកប្រាក់ចំនួនប្រមាណ២១លានដុល្លារអាម៉េរិក។

លោកបានបន្តថា ការផ្តល់ជូនរបស់រាជរដ្ឋាភិបាល ទៅកាន់ស្រ្តីមានផ្ទៃពោះដែលខ្វះខាតនេះ គឺដើម្បីរួមចំណែកក្នុងការថែទាំសុខភាព ទាំងម្តាយ និងទារកឲ្យមានសុខភាពល្អរឹងមាំ។

នៅក្នុងពិធីបើកសិក្ខាសាលាកាលពីថ្ងៃម្សិលមិញនេះ លោកស្រី ញ៉េប សុភាព រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើឲ្យសិក្ខាកាម ដែលជាមន្រ្តីក្រោមឱវាទក្រសួង និងដៃគូអង្គការក្រៅ   រដ្ឋាភិបាលទាំងអស់ ចូលរួមផ្តល់ជាធាតុចូលបន្ថែម ទៅលើការគោលការណ៍ណែនាំ ស្តីពីការអប់រំផ្សព្វផ្សាយកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអាចយកទៅអនុវត្តន៍ បានឲ្យកាន់តែមានភាពត្រឹមត្រូវ នៅតាមដល់សហគម​ន៍ និងផ្តល់ជាបទពិសោធន៍ល្អៗបន្ថែមទៀត ក្នុងការអនុវត្តកន្លងមក ដើ​ម្បីផ្សារភ្ជាប់ជាមួយទ្រឹស្តី ក្នុងការជំរុញឲ្យការងារនេះកាន់តែល្អប្រសើរថែមទៀត។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ ផ្អែកតាមលទ្ធផល នៃការវាយតម្លៃដំណើរការអនុវត្តន៍ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ គាំពារសង្គម បានបង្ហាញថា ការយល់ដឹងអំពីការថែទាំសុខភាពមាតានិងទារក និងអាហារូបត្ថម្ភរបស់គ្រួសារក្រីក្រនៅមានកម្រិត ពិសេសនៅតំបន់ដាច់ស្រយាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here