ដោយ៖ ម៉ាណេត
ភ្នំពេញៈ លោកWang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថា កម្ពុជាជាប្រទេសទស្សនកិច្ចមុនគេរបស់ខ្ញុំ ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ និងបានឆ្លុះបញ្ចាំងពីស្ថានភាពយ៉ាងសកម្ម នៃការកសាងសហគមន៍ជោគវាសនារួម រវាងប្រទេសទាំងពីរផងដែរ។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
អំឡុងពេលនៃការបំពេញទស្សនកិច្ច ក្នុងប្រទេសកម្ពុជា លោក Wang Yi បានជួបពិភាក្សាការងារជាមួយសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាលោកហោណាំហុងឧបនាយករដ្ឋមន្រ្តីនៃកម្ពុជានិងលោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។
ស្ថានទូតចិន បានសរសរលើបណ្តាញសង្គមថា ឯកឧត្តម ទីប្រឹក្សារដ្ឋចិនមានប្រសាសន៍ថា “ប្រទេសកម្ពុជាជាប្រទេសទស្សនកិច្ចមុនគេរបស់ខ្ញុំ ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ដែលមិនត្រឹមតែបន្តប្រពៃណីល្អប្រសើរ នៃការគាំទ្រគ្នាទៅវិញទៅមករវាងចិន និងកម្ពុជាប៉ុណ្ណោះទេ ក៏បានឆ្លុះបញ្ចាំងពីស្ថានភាពយ៉ាងសកម្ម នៃការកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរផងដែរ”។
លោក Wang Yi បានថ្លែងថា“ភាគីកម្ពុជាបានបង្ហាញពេញទំហឹង នូវស្មារតីមនុស្សធម៌ ប្រទេសតូចបេះដូងធំ “និងស្មារតីចម្បង” “ប្រទេសតូចការទូតធំ” ក្នុងកិច្ចសហប្រតិបត្តិការលើកិច្ចទប់ស្កាត់ជំងឺកូវីដ–១៩ លើឆាកអន្តរជាតិនិងកិច្ចការអន្តរជាតិ ហើយភាគីចិនសូមចូលរួមវាយតម្លៃខ្ពស់ចំពោះស្មារតីនិងកិច្ចការខាងលើនេះ”។
លោកបានបន្តថា មិនថាអន្តរជាតិស្ថិតក្នុងស្ថានភាពផ្លាស់ប្តូរយ៉ាងណាក្តី ភាគីចិននឹងឈរនៅជាមួយភាគីកម្ពុជាជានិច្ច បន្តគាំទ្រកម្ពុជាក្នុងកិច្ចការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិយ៉ាងមុតមាំ គាំទ្រមាគ៌ាអភិវឌ្ឍន៍ដែលសមស្រប នឹងលក្ខខ័ណ្ឌជាតិរបស់កម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការពេញលេញ ក្នុងកិច្ចការទ្វេភាគី តំបន់ និងអន្តរជាតិ។
សម្តេចមានប្រសាសន៍ថា ភាគីកម្ពុជារួមចំណែកជាកម្លាំងយ៉ាងមោះមុត ក្នុងកិច្ចពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា គាំទ្រយ៉ាងមុតមាំដល់ភាគីចិន ក្នុងការការពារអត្ថប្រយោជន៍ស្នូលរបស់ខ្លួន និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង លើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ហើយនឹងបន្តប្រកាន់ខ្ជាប់គោលការណ៍ក្នុងកិច្ចការអន្តរជាតិ ប្រឆាំងនឹងនយោបាយឯកតោភាគី នយោបាយប្រើអំណាច និងការសង្កត់។
ជាមួយគ្នានេះលោកប្រាក់សុខុនមានប្រសាសន៍ថាភាគីកម្ពុជារីករាយយកឱកាសខួបអនុស្សាវរីយ៍១០ឆ្នាំនៃការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដើម្បីអនុវន៍ត្តកុងសុងស៊ីសក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជានិងចិនកាន់តែស៊ីជម្រៅ។
លោកបន្តទៀតថាភាគីចិនបានជួយដល់បណ្ដាប្រទេសលើសកលលោកក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសក្រោមស្ថានភាពខ្លួនកំពុងតែទប់ស្កាត់នឹងជំងឺវីរុសមួយនេះផងដែរនេះបានបង្ហាញឲ្យឃើញពីភាពជាអ្នកដឹកនាំដ៏រឹងមាំ។
លោកបញ្ជាក់ថា “ការគាំទ្រចិនជាការគាំទ្រយុត្តិធម៌អន្តរជាតិ គឺជាការគាំទ្រគោលការណ៍ពហុភាគីនិយម និងជាការគាំទ្រប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល”។
លោកបន្តថា ភាគីកម្ពុជាសូមកោតសរសើរនិងគាំទ្រ “គំនិតផ្តួចផ្តើមសន្តិសុខទិន្នន័យសកល (Global Initiative on Data Security)"ដែលលើកឡើងដោយភាគីចិន នឹងបន្តសហការរួមដៃគ្នាជាមួយភាគីចិន ក្នុងកិច្ចការអន្តរជាតិ ដើម្បីការពារផលប្រយោជន៍រួមនៃភាគីទាំងពីរ និងរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក។
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ” ត្រូវបានចុះហត្ថលេខាជាផ្លូវការ ហើយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងគេ ដែលបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលកម្ពុជា។ កិច្ចព្រមព្រៀងនេះ មានកម្រិតបើកចំហខ្ពស់ និងមានវិសាលភាពទូលំទូលាយ និងជំរុញអត្ថន័យចម្បងក្នុងការកសាងសហគមន៍ជោគវាសនារួម រវាងប្រទេសទាំងពីរ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងប្រទេសកម្ពុជា។ ភាគីទាំងពីរនឹងពន្លឿនការអនុវត្តនីតិវិធី ក្នុងការអនុម័តច្បាប់រៀងៗខ្លួន និងខិតខំអនុវត្តឲ្យបានជោគជ័យក្នុងពេលដ៏ខ្លីនេះ៕