ដោយ: លាងហួរ
ប៉េកាំង: ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកាថា លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)ចូលប្រទេសចិនក្នុងបានកើនឡើង១៤,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយទំហំទឹកប្រាក់បានកើនដល់ជិត១,០៩ពាន់ពាន់លានយ័ន ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២២នេះ។
នៅក្នុងលក្ខខណ្ឌប្រាក់ដុល្លារអាមេរិក លំហូរFDIចូលប្រទេសចិនបានកើនឡើង១៧,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានទំហំទឹកប្រាក់ដល់ ១៦៨,៣៤ពាន់លានដុល្លារអាមេរិក។
យោងតាមទិន្នន័យពីក្រសួងបានបង្ហាញថា លំហូរចូលវិស័យឧស្សាហកម្ម សេវាកម្ម បានកើនឡើង៤,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់៧៩៨,៨៤ពាន់លានយ័ន ខណៈដែលលំហូរចូលឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ បានកើនឡើង៣១,៧ភាគរយធៀបនឹងឆ្នាំមុន។
ជាពិសេសលំហូរFDI ក្នុងការផលិតបច្ចេកវិទ្យាជាន់ខ្ពស់ បានកើនឡើង៥៧,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលលំហូរចូលវិស័យសេវាកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ បានកើនឡើង២៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងអំឡុងពេលនោះ ទំហំនៃការវិនិយោគពីសាធារណរដ្ឋកូរ៉េ អាល្លឺម៉ង់ អង់គ្លេស និងជប៉ុន បានកើនឡើង១០៦.២ ភាគរយ ៩៥.៨ ភាគរយ ៤០.១ ភាគរយ និង ៣៦.៨ ភាគរយ រៀងគ្នា។
លំហូរវិនិយោគផ្ទាល់ពីបរទេស ចូលតំបន់កណ្តាលរបស់ប្រទេសចិនបានរាយការណ៍ថា មានការកើនឡើង៣៣,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ តាមពីក្រោយដោយ២៦,៩ភាគរយ នៅតំបន់ភាគខាងលិច និង១២,៤ភាគរយនៅតំបន់ភាគខាងកើត៕