រាជរដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ រដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធនានា បានរួមគ្នាដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS) ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុងការជួយជំរុញវិស័យជលផល ជាពិសេសសហគ្រាសកែច្នៃផលិតផលជលផល ដើម្បីធ្វើការកែលម្អ និងការអភិវឌ្ឍនូវប្រព័ន្ធផលិតកម្ម ចាប់យកនូវកាលានុវត្តនៃទីផ្សារក្នុងស្រុក និងអន្តរជាតិ។

លោក ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ស្នើ​ដល់ដៃ​គូ​អភិវឌ្ឍន៍​រដ្ឋបាល​ជលផល ពិសេស​ផ្នែក​ឯកជន រួមទាំង ​ទីតាំង​វារីវប្បកម្ម ទីតាំង​លក់ កន្លែង​កែច្នៃ សមាគម​កែច្នៃ​ម្ហូបអាហារ ក្រុមហ៊ុន​នាំចេញ និង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បំពេញ​កិច្ចការងារ​ផ្តោតលើ​គុណភាព​ ក្នុង​ការផលិត​ផលិតផល​ជលផល​កម្ពុជា​ឱ្យបាន​ល្អ​ ដើម្បី​បុព្វហេតុ​សុវត្ថិភាព​ចំណីអាហារ និង​ការប្រកួត​ប្រជែង​ទីផ្សារ និង​ការនាំចេញ​។

លោក​មានប្រសាសន៍ថា ក្រុម​ការងារ​ជលផល​ត្រូវតែ​ពង្រឹង​ការត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ សម្រាប់​ផល​ផលិតផល​ជលផល​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ សុក្រឹត និង​ជំរុញ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ ដើម្បី​អនុវត្ត​គោលការណ៍ អនាម័យ​ល្អ និង​ផលិតផល​ល្អ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា បន្ថែម​លើ​នេះ ផ្នែក​ឯកជន​ដែល​នឹង​ទទួលបាន CQS ដោយមាន​ការវិនិច្ឆ័យ​ពី​ក្រុម​ត្រួតពិនិត្យ​រួចហើយ​នោះ ត្រូវ​ខិតខំ​ធ្វើយ៉ាងណា​កុំឱ្យ​មាន​ការខ្វះ​អនាម័យ បាត់​គុណភាព ដែល​ធ្វើឱ្យ​សហគ្រាស​របស់​ខ្លួន​បាត់​ទីផ្សារ​។ មួយវិញទៀត នៅពេល​ដៃគូ​អភិវឌ្ឍន៍​ចប់​អាណត្តិ​ទៅ​សូមឱ្យ​សហគ្រាស​ទាំងអស់ កុំ​បន្ធូរដៃ ហើយ​ត្រូវតែ​បន្ត​ប្រឹងប្រែង​ម្ចាស់ការ​ដោយ​ខ្លួនឯង ក្នុង​ការបន្ត​កិច្ចការងារ​ជា​និរន្តរ៍ បើ​មិន​ដូច្នេះ​ទេ គុណភាព​ផល​ផលិតផល​ជលផល​កម្ពុជា CQS នឹងត្រូវ​ធ្លាក់ចុះ​វិញ​មិន​ខាន​។

លោក សិតធី ស៊ីថារ៉ាម៉ា ថមប៉ាធូ ប្រធាន​ទីប្រឹក្សា​បច្ចេកទេស​​ នៃ​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូលផល​ នៃ​អង្គការ UNIDO ថ្លែងថា ឧស្សាហកម្ម​ជលផល​របស់​ប្រទេស​កម្ពុជា​ពិតជា​មាន​សារៈសំខាន់​ណាស់ ទាំង​ខាង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ជាពិសេស​គឺ​ទឹក និង​ត្រី ដែល​បាន​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​វប្បធម៌​នៃ​សង្គម​ខ្មែរ​។ លើសពីនេះ​ទៀត ជលផល​ក៏​ជា​ប្រភព​សំខាន់​នៃ​អាហារូបត្ថម្ភ ការងារ​ពាណិជ្ជកម្ម ក៏ដូចជា សកម្មភាព​ដែល​អាច​រួមចំណែក​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​​។

លោក មៀវ សុខគ្រី ប្រធាន​សមាគម​អ្នក​ផលិត​ចំណី​អាហារ​កម្ពុជា (CFMA) បានឱ្យ​ដឹងថា ប្រព័ន្ធ CQS អាច​ចូលរួម​កសាង​ទំនុកចិត្ត​អតិថិជន និង​បង្កើន​លទ្ធភាព​ចូលទៅ​កាន់​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​។ ប្រព័ន្ធ CQS នឹង​ជួយ​ឱ្យ​សហគ្រាស​មាន​ភាព​ប្រកួតប្រជែង​កាន់តែ​ខ្ពស់​ប្រាក់ចំណេញ​ច្រើន មាន​និរន្តរភាព​យូរអង្វែង​។ យ៉ាងណា​ក៏ដោយ​លោក​បាន​គូសបញ្ជាក់​ថា សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម​ (MSMEs) នៅ​កម្ពុជាប្រមាណ៩៥% ពុំទាន់​បាន​ចុះបញ្ជី​ត្រឹមត្រូវ រួមទាំង​សហគ្រាស​កែច្នៃ​ផលិតផល​ជលផល​ផងដែរ​។

កម្មវិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជានេះ ត្រូវបានរៀបចំឡើង ក្រោមគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល CAPFish-Capture ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប (EU) និងអនុវត្តដោយរដ្ឋបាលជលផល ជាមួយនឹងជំនួយបច្ចេកទេសពីអង្គការ UNIDO។ វាក៏ជាការអនុវត្តតាមស្មារតីនៃប្រកាសរបស់ក្រសួងកសិកម្ម ស្តីអំពីការដាក់ឱ្យប្រើប្រាស់ និមិត្តសញ្ញាផលិតផលជលផល លេខ ៥៦៥ ប្រក.កសក ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here