JICA និងADB ជាអ្នកផ្តល់ហិរញ្ញប្បទានដ៏ធំបំផុតលើគម្រោងហេដ្ឋា រចនាសម្ព័ន្ធនៅកម្ពុជាក្នុងឆ្នាំនេះ

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសកម្ពុជាស្វាគមន៍ និងបើកទូលាយចំពោះការបណ្តាក់ទុនវិនិយោគ ពីបរទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្ម ដែលកំពុងតែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស ស័ក្តិសមសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស(FDI)។

របាយការណ៍ការធ្វើបច្ចុប្បន្នភាព និងទស្សនវិស័យទីផ្សារហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលរៀបចំនិងចេញផ្សាយរួមគ្នាក្នុងខែតុលា ឆ្នាំ២០២២ ដោយក្រុមហ៊ុន PwC Cambodia និង PwC Singapore បានឱ្យដឹងថា ក្នុងក្របខណ្ឌពហុភាគី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាអ្នកផ្តល់ហិរញ្ញប្បទាន ដ៏ធំបំផុតនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២។

ក្នុងនោះ JICA បានរួមចំណែកផ្តល់មូលនិធិចំនួន១៣ភាគរយ នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។ ចំណែកADB បានរួមចំណែក១០ភាគរយ ធនាគារ Exim Bank របស់ប្រទេសចិន មានចំនួន៩ភាគរយ ទីភ្នាក់ងារ Française de Development (AFD) ចំនួន៤ភាគរយ សហភាពអឺរ៉ុប៤ភាគរយ AusAID ចំនួន២,៥ភាគរយ EID ចំនួន២,៥ភាគរយ ធនាគារពិភពលោក (WB) ចំនួន២,៥ភាគរយ និងផ្សេងទៀតចំនួន៩ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីឆ្នាំ២០២១ កម្ពុជាបានទាក់ទាញការវិនិយោគ លើទ្រព្យសកម្មថេរ ដែលសំដៅលើចំនួនប្រាក់ដុល្លារ ដែលបានវិនិយោគលើអគារ ដី គ្រឿងចក្រ និងឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ដែលទាក់ទងនឹងគម្រោង មានចំនួន៤,៣៥ពាន់លានដុល្លារ។ ក្នុងនោះ ការវិនិយោគរបស់ចិនមានជាង៥០ភាគរយ និងមានទំហំទឹកប្រាក់ចំនួន២,៣២ពាន់លានដុល្លារ ដោយបានកើនឡើង៦៧ភាគរយពីឆ្នាំ២០២០។

រដ្ឋាភិបាល មានគោលបំណងទាក់ទាញ ការវិនិយោគពីវិស័យឯកជន តាមរយៈច្បាប់ស្តីពីការវិនិយោគ ឆ្នាំ២០២១ និងច្បាប់ស្តីពី ភាពជាដៃគូសាធារណៈ និងឯកជនឆ្នាំ២០១ រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs)។

របាយការណ៍ដដែលបានបញ្ជាក់ថា កម្ពុជានៅតែត្រូវការខ្ចីប្រាក់ ដើម្បីផ្តល់មូលនិធិ ដល់តម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ បំណុលរបស់រដ្ឋាភិបាលទាំងមូល ប្រៀបធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) ស្មើនឹង៣៦,៤ភាគរយ ដែលផ្តល់ឱ្យនូវលទ្ធភាពគ្រប់គ្រាន់ ក្នុងការស្នើសុំប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ពហុភាគី ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងវេទិកាទ្វេភាគីដទៃទៀត។

យោងតាមប្រភពដដែលនេះ ក្នុងឆ្នាំ២០២២ បំណុលសាធារណៈសរុបរបស់កម្ពុជាមានចំនួន៩,៨១ពាន់លានដុល្លារ ហើយត្រូវបានគេវាយតម្លៃថា អាចគ្រប់គ្រងបាន ដោយផ្អែកលើនិរន្តរភាព និងកម្រិតហានិភ័យទាប។

GDP របស់កម្ពុជាមានចំនួន២៦,៩៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ដោយមានអត្រាកំណើនGDPជាមធ្យម៧,១ភាគរយ គិតចាប់ពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០២១ ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយ នៅក្នុងតំបន់អាស៊ាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here