កម្ពុជាទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេសជាង២,៥លាននាក់ ក្នុងរយៈពេលបីថ្ងៃ

ដោយៈ លក្ខិណា

ភ្នំពេញៈ នាឱកាសថ្ងៃឈប់រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ពីថ្ងៃទី៧ដល់៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២.៥៧៨.៨៣៨នាក់ ក្នុងនោះភ្ញៀវជាតិ២.៥៤៥.១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣.៦៧៧នាក់។ នេះបើតាមរបាយការណ៍ស្ថិតិរបស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១១ខែវិច្ឆិកា២០២២។

របាយការណ៍ដដែលបានបង្ហាញផងដែរ ពីចំនួនភ្ញៀវទេសចរតាមថ្ងៃនីមួយៗនេះពិធីបុណ្យអុំទូកកក្នុងនោះ  ថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិសរុប៧៥៦.១៩០នាក់ ថ្ងៃទី២ទទួលបានភ្ញៀវសរុប១.០៦៦.១១៣នាក់ ថ្ងៃទី៣ទទួលបានភ្ញៀវសរុប៧៥៦.៥៣៥នាក់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកគោលដៅទេសចរណ៍សំខាន់ៗ ក្នុងរយៈពេល៣ថ្ងៃនេះ រួមមាន ខេត្តកំពត ទទួលបានភ្ញៀវសរុប៥៨៨.៥០៦នាក់ ខេត្តព្រះសីហនុទទួលបាន ៤៩៤.៩១៩នាក់ ខេត្តសៀមរាបទទួលបាន ៣០៩.៥០៣នាក់ ខេត្តត្បូងឃ្មុំ២៣.៩៩៥នាក់ ខេត្តកំពង់ស្ពឺ២៣៣.១៥៧នាក់ រាជធានីភ្នំពេ​ញ១៦៦.០៨៦នាក់ ខេត្តបាត់ដំបង៩៨.៦៥៥នាក់ និងខេត្តកែបទទួលបានភ្ញៀវទេសចរសរុបចំនួន៩១.៣០៤នាក់ ។តួលេខខាងលើមានការកើនឡើង១៨៣,៣៤ភាគរយ បើធៀបនឹងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២១។

ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជ្យពិធីបុណ្យអុំទូកនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តត្បូងឃ្មុំបានរៀបចំពិធីបុណ្យអុំទូក ក្នុងមូលដ្ឋានរបស់ខ្លួន ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន ខណៈដែលបណ្តាខេត្តមួយចំនួនផ្សេងទៀតបានរៀបចំរួចហើយ កាលពីមុនថ្ងៃបុណ្យអុំទូក ។

ដោយឡែក បណ្តាខេត្តផ្សេងទៀត ដែលមិនមានការរៀបចំពិធីបុណ្យអុំទូក រដ្ឋបាលខេត្តបានរៀបចំជាកម្មវិធីតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀតផងដែរ។ ចំណែកចរាចរណ៍នៅតាមដងផ្លូវជាតិសំខាន់ៗ រួមទាំងផ្លូវល្បឿនលឿនទៅកាន់ ខេត្តព្រះសីហនុ មានការមមាញឹកខ្លាំង និងមានការកកស្ទះដោយអន្លើៗនៅតាមទីតាំងមួយចំនួន។

បើតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅនានា ត្រូវបានភ្ញៀវស្នាក់នៅពេញស្ទើរ១០០% ស្របពេលដែលចរន្តភ្ញៀវទេសចរមានសភាពផុសផុល នៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេស ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here