កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃនេះ នៅក្នុងដំណើរទស្សកិច្ចកិច្ចផ្លូវការរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន មកកម្ពុជា នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ និងឯកសារសំខាន់២ ទៀត រួមមាន លិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជួបពិភាក្សាការងារ ជាមួយ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

លោក វ៉ាង យី មានជំនួបប្រជុំផ្លូវការជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានឱ្យដឹងដែរថា តាមគោលការណ៍ដែលចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា -ចិន ភាគីកម្ពុជាអាចមានសិទ្ធិ ក្នុងការនាំយកទំនិញចេញទៅកាន់ទីផ្សារប្រទេសចិន ច្រើនជាង ១០៣០០មុខ ដែលមានភាគរយខ្ពស់ជាងភាគីចិន នាំទំនិញចូលមកកាន់ទីផ្សារកម្ពុជា។

លោកឧកញ៉ាបានបញ្ជាក់ថា “តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងប្រទេសយក្សចិនមួយនេះ យើងនឹងទទួលបានផលប្រយោជន៍ជាច្រើន ជាពិសេសការធ្វើពិពិធកម្ម នៃលទ្ធភាពក្នុងនាមជាអ្នកផលិត ដើម្បីនាំចេញទៅកាន់ទីផ្សារដ៏ធំនៃប្រទេសមហាអំណាចមួយនេះ និងកាន់តែធ្វើឱ្យបណ្តាប្រទេសផ្សេងទៀតស្គាល់នូវផលិតផលរបស់កម្ពុជា”។

លោកឧកញ៉ាបន្តថា “វាក៏ជាឱកាសទីផ្សារកម្ពុជានៅក្នុងតំបន់អាស៊ានដែរ ប្រសិនបើមានបណ្តាក្រុមហ៊ុនអន្តរជាតិនានា ចូលមកវិនិយោគនៅក្នុងកម្ពុជា នៅក្នុងការកែច្នៃផលិតផលកសិផលកម្ពុជា ហើយនាំចេញដែលក្រៅពីប្រទេសចិនក៏អាចនាំទៅកាន់ទីផ្សារដទៃទៀត ដែលទាំងអស់នេះ សុទ្ធតែជាការពង្រីកវិសាលភាពរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក”។

លោកបន្ថែមថា “វាជាផលប្រយោជន៍ដ៏ធំធេង និងជាមោទនភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយត្រូវយកឱកាសនេះ សម្រាប់បង្កើនលទ្ធភាពក្នុងការផលិត ជាពិសេសក្នុងវិស័យកសិកម្ម ដូចជាដំណាំអាទិភាពរួមមាន អង្ករ ដំឡូងមី សណ្ដែក ពោត កៅស៊ូ ហើយយើងសង្ឃឹមថា អាចនឹងនាំចេញនូវផ្នែកបសុសត្វ និងប្រភេទវារីវប្បកម្មផងដែរ ដែលរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់ ក្នុងការជម្រុញធ្វើពិពិធកម្មឱ្យកាន់តែរីកចម្រើន និងប្រកបដោយគុណភាពខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here