ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងទេសចរណ៍កម្ពុជា បានកំណត់ទិសដៅសំខាន់ៗចំនួន២ ដើម្បីជំរុញការស្តារកំណើនភ្ញៀវអន្តរជាតិឡើងវិញនៅឆ្នាំ ២០២៣ ខាងមុខ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ស្តីពីការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឆ្នាំ ២០២៣ បានលើកឡើងថា ក្នុងដំណាក់កាលស្តារឡើងវិញ នៃវិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត្រផែនទីចង្អុលផ្លូវស្តីពី “ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ១៩ ក្រសួងទេសចរណ៍ នឹងនៅតែបន្តជំរុញ ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា នៅលើឆាកអន្តរជាតិ។
ការផ្សព្វផ្សាយនេះ នឹងធ្វើឡើងតាមរយៈការចូលរួមដោយផ្ទាល់ក្នុង «ពិព័រណ៍ទេសចរណ៍អន្តរជាតិ” នៅក្រៅប្រទេសចំនួន១០លើក (ទីផ្សារអាស៊ាន, ឥណ្ឌា ចិន ជប៉ុន កូរ៉េ និងទីផ្សារអឺរ៉ុប) ព្រមទាំងរៀបចំកម្មវិធី “ផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា” ដើម្បីអបអរសាទរ និងផ្សព្វផ្សាយយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ ២០២៣ ក៏ដូចជាផ្សព្វផ្សាយយុទ្ធនាការ “កម្ពុជាជាគោលដៅទេសចរណ៍កីឡា” ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ ២០២៩។
បន្ថែមពីលើនេះ ក្រសួងក៏បានស្នើឱ្យផ្នែកពាក់ព័ន្ធ ចូលរួមឱ្យបានសកម្មក្នុងការផ្សព្វផ្សាយផងដែរ។
សេចក្តីជូនដំណឹងបញ្ជាក់ថា ក្រសួងទេសចរណ៍សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ ស្ថាប័នរដ្ឋ-ឯកជនពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនមេត្តាជ្រាប និងសហការចូលរួមជាមួយក្រសួងទេសចរណ៍ឱ្យបានច្រើន និងសកម្មបំផុតក្នុងការចាប់យកឱកាសផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា ក៏ដូចជាបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជា នៅលើទីផ្សារអន្តរជាតិ។
លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីធ្លាក់ចុះក្បែរដល់សូន្យ នារយៈពេលជាង២ឆ្នាំ ដោយសារវិបត្តិកូវីដ១៩ នៅពេលនេះវិស័យទេសចរណ៍កម្ពុជាបានចាប់ផ្តើមមានដំណើរល្អឡើងវិញជាបណ្តើរៗហើយ ជាពិសេសចរន្តភ្ញៀវទេសចរក្នុងស្រុក។ នៅមុនពេលមានការរីករាលដាលជំងឺកូវីដ១៩ វិស័យទេសចរណ៍ (ទេសចរណ៍អន្តរជាតិ) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរកចំណូលចូលជាតិ ព្រមទាំងមានបង្កើតការងារដោយផ្ទាល់ និងប្រយោលជាច្រើន។
លោកបញ្ជាក់ថា “យុទ្ធសាស្ត្រដែលក្រសួងបានដាក់ចេញខាងលើ គឺពិតជាមានភាពចាំបាច់ ក្នុងការធ្វើឱ្យជនបរទេសស្គាល់កម្ពុជា កាន់តែច្រើន និងអាចទាក់ទាញពួកគេ ឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជា ព្រោះប្រទេសកម្ពុជា គឺជាទីតាំងទេសចរណ៍មួយដ៏ល្អនៅលើពិភពលោក”។
យុទ្ធសាស្ត្រសំខាន់ៗទាំងនោះមាន ដូចជា ការអភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយនវានុវត្តន៍ និងភាពច្នៃប្រឌិត ការពង្រឹងគុណភាព សេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដា ការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជំនាញថ្មីៗបន្ថែម និងសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ឱ្យមានភាពងាយស្រួល និងសុវត្ថិភាព។ ចំណុចសំខាន់ផ្សេងៗទៀត រួមមាន ការពង្រឹងសមត្ថភាពសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងវិស័យទេសចរណ៍ ការដាក់ចេញគោលនយោបាយសំខាន់ៗបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងពង្រឹងយន្តការអភិបាលកិច្ចទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស៕