ក្រុមហ៊ុនអាកាសចរណ៍Lao Airlineចាប់ផ្តើមហោះត្រង់មកកម្ពុជា ឡើងវិញហើយ

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ​ក្រុមហ៊ុន Lao Airlines បានចាប់ផ្តើមហោះហើរត្រង់មក​កម្ពុជាឡើងវិញហើយ ដែលអ្នកជំនាញទេសចរណ៍បានលើកឡើងដោយ​សុទិដ្ឋិនិយមថា ការហោះហើរឡើងវិញនេះ ​មិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​ភ្ញៀវទេសចរ​នៃ​ប្រទេស​ទាំង២​កើនឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ ​នៃ​កញ្ចប់​ដំណើរ​ទស្សនកិច្ច​តំបន់​ឥណ្ឌូចិន​ទាំងមូល​។​

បន្ទាប់ពី​ផ្អាក​មួយរយៈ ​ដោយ​​សារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ Lao Airlines បានចាប់ផ្តើម​ដំណើរការ​ជើងហោះហើរ​លើក​​ទី​១ របស់ខ្លួន​ឡើងវិញ​ កាលពី​ថ្ងៃទី ​១ ខែវិច្ឆិកា ដោយមាន​ជើង​​ហោះហើរ​ចំនួន៣លើក ​ ក្នុង១​សប្តាហ៍  ​រវាង​ទីក្រុង​ហ្លួងព្រះបាង​-​ប៉ាក់​សេ​-​សៀមរាប​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការហោះហើរ​ឡើងវិញ​លើក​ទី​១នេះ ​ធ្វើឡើង​ក្នុង​ដំណើរ​មក​ប្រទេស​កម្ពុជា​របស់លោក​ស្រី Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ ដើម្បី​ចូល​រួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អេក​ម៉ិ​ក​(ACMECS) លើក​ទី​៥ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍CLMV លើក​ទី​៦ ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ទេសចរណ៍​អេក​ម៉ិ​ក​លើក​ទី​៥ និង​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​ទេស​​ចរណ៍ CLMV អម​ទៅដោយ​កិច្ចសន្ទនា​ទេសចរណ៍​អេក​ម៉ិ​ក​-CLMV លើក​ទី​១ ចាប់ពី​ថ្ងៃទី១-៥ ខែវិច្ឆិកា ឆ្នាំ​ ២០២២ នៅ​ខេត្តសៀមរាប​។​

ក្រសួងទេសចរណ៍​បាន​លើកឡើងថា​ “ការហោះហើរ​ឡើងវិញ​នេះ​បង្ហាញ​ពី​សញ្ញាណ​នៃ​ការ​ងើបឡើង​ នៃ​វិស័យ​ទេសចរ​​ណ៍​កម្ពុជា”​។​

លោកស្រីឆាយ ស៊ីវ​លីន ប្រ​ធាន​សមាគម​ទីភ្នាក់ងារ​ទេស​​ចរណ៍​កម្ពុជា បាន​មានប្រសាសន៍ថា ការ​​បើក​ដំណើរការ​នូវ​ផ្លូវ​ហោះហើរ​ឡើងវិញ​ រវាង​កម្ពុជា​-​ឡាវ​ របស់​ក្រុមហ៊ុនLao Airlines នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​ធ្វើឱ្យ​វិស័យនេះ​រីក​ធំធាត់​ឡើងវិញ​។​

លោកស្រី​បញ្ជាក់ថា ទោះបី​ចំនួន​ភ្ញៀវទេសចរណ៍ ​រវាង​ប្រទេសជិតខាង​ទាំង២នៅមាន​ចំនួន​តិច ប៉ុន្តែ​អ្វីដែល​សំខាន់​ គឺ​ការ​ត​ភ្ជាប់​សម្រាប់​កញ្ច​ប់​ទេសចរ​​ណ៍​នៅក្នុង​តំបន់​។ ការតភ្ជាប់​ផ្លូវ​ហោះហើរ​ រវាង​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម គឺជា​ការតភ្ជាប់​ក្រុម​ប្រទេស ​ក្នុង​តំបន់​ឥណ្ឌូចិន​ទាំងមូល ព្រោះ​កន្លងមក​មាន​ក្រុមហ៊ុន​ទេសចរណ៍ ​អន្តរជាតិ​ជាច្រើន​បាន​លក់​ដំណើរ​ទស្សន​​កិច្ច​នៃ​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ​​ចិនជា​កញ្ចប់​។​

យោងតាមទិន្នន័យ​ពី​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ក្នុង​រយៈពេល ៩​ ខែ​ដើមឆ្នាំ​ ២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវ​ជនជាតិ​ឡាវ​សរុប៣៨,៧៨៣​ នាក់ កើនឡើង​ពី៨៣នាក់​ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here