ខេត្តកោះកុងរំពឹងថា នឹងទទួលបានវិនិយោគិនបន្ថែមទៀតតាមរយៈ គម្រោងអភិវឌ្ឍន៍តារាសាគរ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ កម្ពុជានឹងអាចទាក់ទាញបាននូវវិនិយោគិន និងទេសចរជនជាតិចិនបន្ថែមមកបណ្ដាក់ទុនវិនិយោគ និងសម្រាកកម្សាន្ត តាមរយៈគម្រោងអភិវឌ្ឍន៍ក្នុងតំបន់វិស្សមកាលតារាសាគរក្នុងស្រុកគីរីសាគរ ខេត្តកោះកុង។

លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍កាលពីថ្មីៗថា កោះកុងជាតំបន់ ដែលមានសក្ដានុពលធនធានធម្មជាតិដ៏សម្បូរបែប សម្រាប់អិវឌ្ឍន៍វវិស័យទេសចរណ៍ និងឧស្សាហកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ននេះ ខេត្តកោះកុងមានក្រុមហ៊ុនជាច្រើនចូលមកបណ្ដាក់ទុនវិនិយោគ ក្នុងនោះដៃគូរអភិវឌ្ឍន៍ ក្រុមហ៊ុន យូញៀន ឌីវើឡុបមេន គ្រុប គឺជាដៃគូអភិវឌ្ឍន៍ដ៏ធំជាងគេនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ដោយបានអភិវឌ្ឍន៍ជាតំបន់វិស្សមកាលតារាសាគរ ទីលានវាយកូនហ្គោល កំពង់ផែសមុទ្រទឹកជ្រៅ និងព្រលានយន្តហោះ ខ្នាតអន្តរជាតិ ដែលបាននិងកំពុងសាងសង់ ហើយនឹងចាប់ផ្ដើមដាក់អោយដំណើរការនៅពេលខាងមុខឆាប់ៗនេះ។

លោកស្រី បានបន្តថា តាមគម្រោងអភិវឌ្ឍន៍របស់តារាសាគរ នឹងអាចទាក់ទាញបាននូវវិនិយោគិនចិន មកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ជាក់ស្ដែងកោះកុងបានចុះហត្ថលើអនុស្សរណៈមួយចំនួនស្ដីពីការអភិវឌ្ឍក្នុងខេត្តកោះកុងរួមមាន អនុស្សរណៈរវាងកោះកុងនិងខេត្តយូណាន អនុស្សរណៈរវាងខេត្តកោះកុង និងខេត្ត ជីលីនប្រទេសចិន ដែលអនុស្សរណៈទាំងនេះ នឹងអាចទាញវិនិយោគិននិងភ្ញៀវទេសចរមកកាន់ខេត្តនេះកាន់តែច្រើនថែមទៀត ។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ផងដែរថា ការអភិវឌ្ឍគម្រោងនានាក្នុងតំបន់វិស្សមកាលតារាសាគរ នឹងអាចទាក់ទាញបាននូវការមកវិនិយោគ ការមកទស្សនា និងសម្រាកលលំហែ ពីសំណាក់វិនិយោគិន និងទេសចរជាតិនិងអន្តរជាតិ។ តាមរយៈគម្រោងនេះដែរ នឹងបង្កើតបាននូវឱកាសការងារនិងប្រាក់ចំណូលបន្ថែមទៀតដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់តែម្ដង។

លោក បន្តថា នៅពេលអាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងបើកដំណើរការសាកល្បងនៅឆ្នាំក្រោយនេះកម្ពុជារំពឹងថានឹងនាំភ្ញៀវអន្តរជាតិកាន់តែច្រើនមកកម្ពុជាជាពិសេសមកកាន់ខេត្តកោះកុង ដើម្បីវិនិយោគនិងសម្រាកលំហែខណៈខេត្តនេះកំពុងអភិវឌ្ឍន៍តំបន់ទេសចរណ៍ជាច្រើននិងទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here