ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបជាង១,៣លាននាក់ក្នុងដំណាច់ត្រីមាសទី៣

 ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងឆ្នាំ២០២២នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់ផ្ដើមចេញធ្វើដំណើរកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងប្រទេសកម្ពុជាឡើងវិញ ដែលធ្វើឱ្យបណ្ដាខេត្ត ដែលមានសក្ដានុពលទេសចរ បានចាប់ផ្ដើមទទួលបានកំណើនទេសចរឡើងវិញផងដែរ។

ជាក់ស្ដែងខេត្តសៀមរាបក្នុងរយៈ៩ខែដើមឆ្នាំ ២០២២នេះទទួលបានភ្ញៀវទេសចរ សរុបចំនួន១,៣២លាននាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នា២០២១កើនឡើងដល់ទៅ៨៩,៤៤ភាគរយ។

លោកទៀ សីហា អភិបាលខេត្តសៀមរាបបានមានប្រសាសន៍កាលពីថ្ងៃទី៣១ តុលា ២០២២នេះឱ្យដឹងថា ខេត្តសៀមរាបជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលបានចាត់ទុកជាតំបន់ប៉ូលទី២ នៃការអភិ​វឌ្ឍវិស័យទេសចរណ៍របស់ជាតិ ក៏ដូចជា ខឿនសេដ្ឋកិច្ចជាតិដោយហេតុថាខេត្តសៀមរាបមានរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដ៏មានតម្លៃជាសកល នៃស្នាដៃសិល្បៈវប្បធម៌ស្ថាបត្យកម្មទំនើប  នៃសំណង់នៅក្នុងតំបន់ ព្រមទាំងមានតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រធម្មជាតិផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “សៀមរាបបានក្លាយជាតំបន់ទិសដៅ ទេសចរណ៍ដ៏ល្បីល្បាញ មិនមែនសម្រាប់តែប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរក្នុងតំបន់ពិភពលោកទាំងមូល”។

លោកទៀ សីហាបានបន្តថា ក្រោយពីវិបត្តិនៃជំងឺកូវីដ១៩បានធូរស្រាល យើងសង្កេតឃើញថាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្តក្នុងខេត្តសៀមរាប មានការកើនឡើងគួរឱ្យកត់សម្គាល់។ បើគិតក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២២នេះ សៀមរាបទទួលបានភ្ញៀវទេស​ចរសរុបចំនួន១.៣២៧.៥៨២នាក់ ខណៈ៩ខែឆ្នាំ២០២១មានត្រឹមតែជាង១៤ម៉ឺននាក់ប៉ុណ្ណោះ។

ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ ភ្ញៀវទេសចរបរទេសមានចំនួន១២៥.៨៧០នាក់ផងដែរ ក្នុងរយៈពេល៩ខែនេះ ដែលមានកំណើន៩៤,៨១ភាគរយ ។

លោកបន្ថែមថា រដ្ឋបាលខេត្តក៏បាន និងកំពុងជំរុញឱ្យមានការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជា ខេត្តសៀមរាបទាំងមូល ឆ្ពោះទៅមុខគួរឱ្យកត់សម្គាល់ ប៉ុន្តែទន្ទឹមនឹងវឌ្ឍនភាពនេះ ក៏ទាមទារឱ្យរដ្ឋបាលខេត្តត្រូវគិតគូរនិងដាក់ចេញនូវវិធានការ យន្តការច្បាស់លាល់និងម៉ឺងម៉ាត់ ដើម្បីធានាបាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាព ដោយផ្សារភ្ជាប់ជាមួយនឹងកិច្ចការបរិស្ថាន។

លោកគឹម សេរីរ័ត្ន ប្រធាននាយកដ្ឋានសេវាកម្មស្នាក់នៅ ទេសចរណ៍និងម្ហូបអាហារ នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២២នេះ កម្ពុជាចាប់ផ្ដើមទទួលបានភ្ញៀវទេសចរឡើងវិញ ជាពិសេសភ្ញៀវទេសចរផ្ទៃក្នុង ដែលធ្វើឱ្យអាជីវកម្មទេសចរណ៍មួយចំនួន ក៏ចាប់ផ្ដើមមានសកម្មភាពឡើងវិញផងដែរ ទាំងភោជនីយដ្ឋាន សណ្ឋាគារ និងសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here