ខេត្តកំពតកំពុងបង្ហាញសក្តានុពលខណៈអាគារពាណិជ្ជកម្មលំដាប់អន្តរជាតិលើកដំបូង ចាប់ផ្តើមសាងសង់ហើយ

ដោយ វណ្ណារ៉ា

កំពតៈ គំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិកំពស់កម្ពស់៤២ជាន់ក្រោមទុនវិនិយោគប្រមាណ៩៥លានដុល្លារបាននិងកំពុងចាប់ផ្តើមសាងសង់ហើយដែលវត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្មនេះនឹងរួមចំណែកលើកកំពស់ការអភិវឌ្ឍក្នុងក្រុងនេះកាន់តែមានសក្តានុពលថែមទៀត។

អភិបាលខេត្តកំពត លោក ជាវ តាយ ធ្លាប់បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីកំណើនយ៉ាងខ្លាំង នៃប្រភពអចនទ្រព្យក្នុងស្រុក ហើយជាប្រទេសមានសេដ្ឋកិច្ច លូតលាស់លឿន ដែលវិស័យឧស្សាហកម្ម សំណង់ និងសេវាកម្ម នៅតែជាកម្លាំងចលករយ៉ាងសំខាន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា គម្រោងសាងសង់អគារពាណិជ្ជកម្មបែបទំនើប ថៃ ប៊ុនរ៉ុង កំពត បៀលឌីង នាពេលនេះ ជាការបើកទំព័រប្រវត្តិសាស្ត្រ សំណង់អគារលំដាប់អន្តរជាតិជាលើកដំបូង និងខ្ពស់ជាងគេនៅខេត្តកំពត ដែលបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តកំពត ហើយសម្រាប់បំពេញតម្រូវការរបស់វិនិយោគិន ភ្ញៀវជាតិ និងអន្តរជាតិ ធ្វើការបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តកំពត

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ទេព ធន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅតែបន្តអនុវត្តនូវកម្មវិធី យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និតិកាលទី៦ នៃរដ្ឋសភា ដើម្បីជាគន្លឹះត្រីវិស័យក្នុងការ ទ្រទ្រង់និងអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះលោករដ្ឋលេខាធិការក៏បានចាត់ទុកអាគារដែលខ្ពស់ជាងគេបំផុតនៅក្នុងក្រុងកំពតដែលក្រុមហ៊ុនថៃប៊ុនរ៉ុងសាងសង់ពេលនេះគឺពិតជាបានរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពតដែលជាខេត្តជាប់មាត់សមុទ្រជួរភ្នំនិងមានសក្ដានុពលទេសចរណ៍បែបធម្មជាតិព្រមទាំងជាតំបន់ដែលមានសក្ដានុពលភាពក្នុងការបង្កើតជាតំបន់វិស្សមកាលហើយស្របទៅនឹងប្លង់មេដែលខេត្តកំពតបានអនុម័តគម្រោងខាងលើគឺជាការតភ្ជាប់សំខាន់ដែលក្រុមហ៊ុននេះមានគម្រោងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងរោងចក្រស៊ីម៉ង់ត៍នៅភ្នំល្អាងដែលនឹងត្រូវរៀបចំការសម្ពោធនៅពេលខាងមុខនេះហើយ។

ការដ្ឋានសាងសង់អគារ ថៃ ប៊ុនរ៉ុងកំពត បៀលឌីង មានទីតាំងស្ថិតនៅគល់ស្ពានចាស់ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត បានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

គម្រោងអាគារពាណិជ្ជកម្មមួយនេះ គឺជាគម្រោងសាងសង់អគារពហុមុខងារ មានផ្ទៃសំណង់សរុប១៣៨,៤៥០.៤៤ម៉ែត្រក្រឡា សង់នៅលើដីឡូតិ៍ទំហំ៧,១២៥ ម៉ែត្រក្រឡា មានកម្ពស់៤២ជាន់ ដែលគ្រោងនឹងចំណាយទឹកប្រាក់ វិនិយោគសរុបដោយពុំគិតពីតម្លៃដីមានចំនួនប្រមាណ៩៥លានដុល្លារ និងប្រើរយៈពេលសាងសង់ប្រមាណ៣ឆ្នាំកន្លះ ហើយគម្រោងនឹងត្រូវបញ្ចប់នៅដំណាច់ខែមេសា ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here