ប្រទេសឡាវប្រឈមការខាតបង់ធំធេងដោយសារមហិច្ឆតាចង់ក្លាយជាស្ដេចផ្គត់ផ្គង់អគ្គិសនីប្រចាំអាស៊ីអាគ្នេយ៍

ដោយៈ សុខុម

វៀងចន្ទន៍: ប្រទេសឡាវអះអាងថា ខ្លួនបានសម្រេចមហិច្ឆតាដ៏ធំរបស់ខ្លួនរួចទៅហើយ នៅក្នុងការក្លាយជាប្រទេស នាំចេញអគ្គិសនីដ៏ធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ខណៈខ្លួននាំចេញអគ្គិសនីសន្ធឹកសន្ធាប់ទៅកាន់ប្រទេសជាច្រើន រួមមានថៃ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជាផងដែរ។

ភាគច្រើននៃការនាំចេញទាំងនេះ គឺជាអគ្គិសនីដែលបានពីទំនប់វារីអគ្គិសនី។ ទំនប់វារីអគ្គិសនីរហូតដល់ទៅជិត៨០ទំនប់ លាតសន្ធឹងពាសពេញផ្ទៃប្រទេស ដែលមិនជាប់ដែនសមុទ្រមួយនេះ ហើយទំនប់ជាច្រើនទៀត ដែលនៅតាមបណ្ដោយដងទន្លេមេគង្គ កំពុងតែស្ថិតនៅក្នុងគម្រោងការ ដោយរួមទាំងទំនប់វារីអគ្គិសនីមួយ ដែលស្ថិតនៅចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីហ្លួងព្រះបាង (Luang Prabang) ជាទីក្រុងដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌរបស់អង្គការ Unesco ផងដែរ។

នៅពេលសាងសង់បញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០២៧ ទំនប់វារីអគ្គិសនីនៅហ្លួងព្រះបាង នេះនឹងមានសមត្ថភាពផលិតអគ្គិសនីបាន១.៤៦០មេកាវ៉ាត់ (MW) ពោលគឺមានសមត្ថភាពខ្លាំងជាង ទំនប់វារីអគ្គិសនីផ្សេងៗទៀតរបស់ឡាវ ហើយមួយចំនួនធំនៃអគ្គិសនី ដែលបានពីទំនប់វារីអគ្គិសនីនេះ គឺនឹងត្រូវលក់ឱ្យទៅប្រទេសថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីតាំងដ៏សំខាន់នៃទំនប់វារីអគ្គិសនីនេះ ត្រូវបានឈូសឆាយហើយ ហើយគម្រោងនេះ បានធ្វើឱ្យការរកស៊ីរបស់អ្នករត់ទូកចម្លង កាក់កបជាងមុន ជាពិសេសដឹកចម្លងកម្មករទៅ និងមកភូមិមួយនៅជិតការដ្ឋាននេះ។

ទោះជាយ៉ាងណា ហានិភ័យពាក់ព័ន្ធនឹងគម្រោងនេះ បានក្លាយជាក្ដីបារម្ភដ៏ធំចំពោះសុវត្ថិភាព បេតិកភណ្ឌ បរិស្ថាន និងសហគមន៍ពលរដ្ឋក្នុងមូលដ្ឋាន។

ទំនប់វារីអគ្គិសនីរបស់ឡាវ នឹងជួយឱ្យតំបន់អាស៊ីអាគ្នេយ៍ បំពេញបានតាមតម្រូវការថាមពល ដែលចេះតែកើនឡើងរបស់ខ្លួន ដោយមិនចាំបាច់បំភាយឧស្ម័នកាបូនបន្ថែម។

ជាការពិតណាស់ ថាមពលវារីអគ្គិសនីគ្របដណ្ដប់ ចំណែកភាគធំបំផុត នៃសមត្ថភាពថាមពលកកើតឡើងវិញទូទាំងពិភពលោក ដោយជួយឱ្យប្រទេសនានា កាត់បន្ថយការពឹងផ្អែករបស់ខ្លួន ទៅលើឥន្ធនៈហ្វូស៊ីលដែលបង្កឱ្យភពផែនដីកើនឡើងកម្ដៅ។ ប៉ុន្តែទន្ទឹមនេះ វាក៏បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។

សាស្ត្រាចារ្យ Philip Hirsch ដែលមកពីសកលវិទ្យាល័យក្រុងស៊ីដនី (University of Sydney) បានលើកឡើងថា “មានក្ដីបារម្ភជាច្រើនចំពោះទំនប់វារីអគ្គិសនីនៅហ្លួងព្រះបាង ហើយវានឹងបង្កផលប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងសូម្បីតម្លៃសម្បត្តិបេតិកភណ្ឌពិភពលោក នៃទីក្រុងនេះផងដែរ”។

ទំនប់នេះស្ថិតនៅចន្លោះទំនប់ប៉ាក បេង (Pak Beng) នៅខ្សែទឹកខាងលើ និងទំនប់សាយ៉ាប៊ូរី (Xayaburi) នៅខ្សែទឹកខាងក្រោម។ ទំនប់វារីអគ្គិសនីនេះ ទទួលអភិវឌ្ឍន៍ដោយក្រុមហ៊ុនថាមពលវៀតណាម PetroVietnam Power និងក្រុមហ៊ុន CK Power ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសំណង់ថៃ CH Karnchang។

ការសាងសង់ទំនប់វារីអគ្គិសនី នៅហ្លួងព្រះបាង នឹងត្រូវធ្វើឱ្យភូមិចំនួន២៦ ដែលមានប្រជាជនប្រមាណ១០.០០០នាក់ ត្រូបានជម្លៀសចេញ៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here