រយៈពេលពីរថ្ងៃភ្ញៀវទេសចរទៅទស្សនាខេត្តព្រះសីហនុជាង១៥ម៉ឺននាក់

ដោយៈ លក្ខិណា

ភ្នំពេញៈ កំណើនភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុ ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍កាន់តែច្រើនឡើងៗ ជាពិសេសចាប់តាំងពីផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានដាក់ឱ្យដំណើរការសាកល្បង ដោយមិនគិតថ្លៃមួយខែពេញ។

ជាក់ស្ដែងបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុឱ្យដឹងថា នៅសប្ដាហ៍ចុងក្រោយនៃខែតុលានេះ រយៈពេល២ថ្ងៃនៃថ្ងៃចុងសប្ដាហ៍ខេត្តសមុទ្រមួយនេះ ទទួលបានភ្ញៀវទេសចរសរុប១៥ម៉ឺននាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែតុលា ២០២២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន១៥ម៉ឺននាក់ទៅកម្សាន្តនិងលំហែក្នុងខេត្តព្រះសីហនុ ហើយតាមរយៈការសម្រាកលំហែនិងកម្សាន្តរបស់ភ្ញៀវទេសចរ ក្នុងខេត្តព្រះសីហនុនេះដែរ បានជំរុញឱ្យសកម្ម​ភាពរបស់អាជីវករ ក្នុងខេត្តមួយនេះជាពិសេស នៅតាមតំបន់ឆ្នេរមានសន្ទុះងើបឡើងវិញ និងទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ។

អាជីវករជាច្រើននៅតាមតំបន់ឆ្នេរ បាននិយាយឱ្យដឹងស្រដៀងគ្នាថា ចាប់តាំងពីផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុបើកដំណើរការ ភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ កាន់តែមានចំនួនច្រើនឡើងៗ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍តែម្ដង ពេលខ្លះនៅតំបន់ឆ្នេររ កតែកន្លែងចតរថយន្តសឹងមិនបានផង។

ភ្ញៀវខ្លះ ក៏សម្រាកនៅក្នុងខេត្តព្រះសីហនុមួយយប់ ពីរយប់ ភ្ញៀវខ្លះក៏ត្រលប់ទៅភ្នំពេញវិញវិលល្ងាច ដោយសារតែផ្ឡូវស្រួល ធ្វើដំណើរត្រឹមតែជាង២ម៉ោងប៉ុណ្ណោះ ។

លោកឌិន សុមេធារឹទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជាបានថ្លែងកាលពីពេលថ្មីៗនេះឱ្យដឹងថា វិស័យសណ្ឋាគារនៅកម្ពុជាយើងបច្ចុប្បន្ននេះ ពឹងលើភ្ញៀវក្នុងស្រុក ហើយភ្ញៀវក្នុងស្រុកមិនអាចធ្វើឱ្យវិស័យសណ្ឋាគារត្រូវងើបឡើងដូចកាលពីមុនមានវិបត្តិនោះទេ។

លោកបន្តថា “សណ្ឋាគារជាច្រើន នៅតាមបណ្ដាខេត្តសក្ដានុពលទេសចរណ៍ នៅតែបន្តរង់ភ្ញៀវមកសម្រាកនៅឡើយ ជាពិសេសសណ្ឋាគារលំដាប់ផ្កាយនិងលំដាប់អន្តរជាតិ”។

លោកឌិន សុមេធារិទ្ឋបានបន្តថា ដោយសារតែមើលពីកត្តានេះទើប    រដ្ឋាភិបាលបានបន្តបន្ធូរបន្ថយ ដល់អាជីវកម្មសណ្ឋាគារនេះ លើកាតព្វកិច្ចពន្ធមួយចំនួន ដើម្បីសម្រួលដល់ម្ចាស់អាជីវកម្មសណ្ឋាគារ ដែលគ្នារងគ្រោះចាប់តាំងពីមានវិបត្តិកូវីដ១៩មកម្ល៉េះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here