ប្រទេសកម្ពុជា​ទាក់ទាញ​ភ្ញៀរទេសចរ​បរទេស​ជាង​១,២​លាន​នាក់ ​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០២២

ដោយ: លាងហួរ

ភ្នំពេញ: ក្រសួងទេសចរណ៍បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលបានភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍ បានចំនួនជាង១,២លាននាក់ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ កើនឡើង៨៦១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

របាយ​ការណ៍​ដដែលបាន​បង្ហាញថា ក្នុង​អំឡុង​ខែ​មករា​ ដល់​ខែ​កញ្ញា​ឆ្នាំ​នេះ ប្រទេស​ថៃ​បាន​ឈរ​លើ​កំពូល​តារាង​ នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ​មក​កាន់កម្ពុជា បន្ទាប់​មក​គឺ​ប្រទេស​វៀតណាម ចិន សហរដ្ឋ​អាមេរិក និង​ឥណ្ឌូនេស៊ី។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រាប់សារពត៌មានស៊ីនហួរថា ផ្អែកលើតួលេខចុងក្រោយនេះ ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បានចន្លោះពី១,៥ លាននាក់ទៅ២លាននាក់ក្នុងឆ្នាំ ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថោង ខុន បានសន្មតថាការកើនឡើងគួរឱ្យកត់សម្គាល់នេះ ត្រូវបានជំរុញមកពីការបើកព្រំដែនឡើងវិញ ពេញលេញរបស់កម្ពុជាចំពោះអ្នកដំណើរទាំងអស់ យុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ និងអត្រាចាក់វ៉ាក់សាំងខ្ពស់។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក តុប សុភ័គ មានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតមុនការរាតត្បាតជំងឺកូវីដ-១៩ នៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧។

មុនពេលមានជំងឺរាតត្បាត ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៦,៦លាននាក់ក្នុងឆ្នាំ២០១៩ ដែលបង្កើតប្រាក់ចំណូលបាន៤,៩២ពាន់លានដុល្លារអាមេរិក។

លោកបានមានប្រសាសន៍បន្តថា វិស័យទេសចរណ៍របស់កម្ពុជាបានងើបឡើងវិញយ៉ាងខ្លាំង ហើយត្រូវបានគេព្យាករណ៍ថា កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៧លាននាក់នៅឆ្នាំ២០២៦ ឬ២០២៧និងរហូតដល់៧,៥លាននាក់នៅឆ្នាំ២០២៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here