កម្ពុជាទទួលបានចំណូលជិត៣៥០លានដុល្លារពីការនាំចេញជ័រ និងដើមកៅស៊ូ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ របាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា កម្ពុជា​រកចំណូលបាន​ជាង៣៤៨លាន​ដុល្លារ​ពី​ការ​បញ្ចេញ​លក់​ជ័រ និង​ឈើ​កៅស៊ូ ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ក្នុង​រយៈពេល៩ខែ​ដើម​ឆ្នាំ២០២២។

ចំណូល​នេះ​បាន​ធ្លាក់​ចុះ៩ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដោយសារ​តែ​ការ​ធ្លាក់ចុះ ​នៃ​តម្រូវការ​ទីផ្សារ​ពិភពលោក ពិសេស​ទីផ្សារ​ចិន និង​អឺរ៉ុប​ដែល​កំពុង​ញាំញី​ដោយ​បញ្ហា​ជម្លោះ​ប្រដាប់អាវុធ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​របាយការណ៍​អគ្គនាយក​ដ្ឋា​ន​កៅស៊ូ ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទបានឲ្យដឹងថា ការ​បញ្ចេញ​លក់​ជរ័​កៅស៊ូ ចាប់​ពី​ដើមឆ្នាំ​រហូត​មកដល់​ចុង​ខែ​កញ្ញា ឆ្នាំ២០២២ មាន​បរិមាណ​សរុប២២៧- ៦០០ តោន កើន​ឡើង៧២៧តោន ស្មើនឹង០,៣ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ចំណែក​បរិមាណ​បញ្ចេញ​លក់​ឈើ​កៅស៊ូ ចាប់ពី​ដើមឆ្នាំ​រហូត​ដល់​ខែ​កញ្ញា សម្រេច​បាន២១,៨៣២ម៉ែត្រគុប។​

របាយការណ៍​ដដែល​ឱ្យដឹងទៀតថា តម្លៃ​ជ័រកៅស៊ូ ជា​មធ្យម​គិត​ចាប់ពី​ដើមឆ្នាំ​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ២០២២ គឺមានតម្លៃ១៥១៧ ដុល្លារ​ក្នុង១ តោន ថយចុះ១៤៨ ដុល្លារ​ក្នុង១តោន​ស្មើ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

ចំណូល​ពី​ការ​នាំចេញ​ជ័រកៅស៊ូ​ រហូត​ដល់​ខែ​កញ្ញា​មាន​ជាង ៣៤៥ លាន​ដុល្លារ។ ចំណែក​ចំណូល​ពី​ការនាំ​ឈើ​កៅស៊ូ​ចេញ ​មាន​ចំនួនជាង៣ លានដុល្លារ។

​លោកហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាព​ការ​នាំចេញ​មាន​កំណើន​តិចតួច ​ដោយសារ​កត្តា​វិបត្តិ​សេដ្ឋកិច្ច​សកល។​

លោក​បាន​ថ្លែងថា “ការ​ថមថយ​នេះ ​ដោយ​សារ​កម្ពុជា​ជា​ចំណែក​មួយ​ក្នុងការ​នាំចេញ​ផលិតផល​កៅស៊ូ​ពិភពលោក​។ ការធ្លាក់​ថ្លៃ​ដោយសារ​កត្តា​វិបត្តិ​សេដ្ឋកិច្ច​សកល តម្រូវការ​ទាប​ ការ​ភ័យខ្លាច​នៃ​អតិផរណា​ ការ​ដំឡើង​អត្រា​ការប្រាក់​របស់​អាមេរិក ​ក្នុងការ​រឹតបន្តឹង​ចរាចរណ៍​ប្រាក់​ដុល្លារ​ ស្ថានភាព​ងើប​ឡើង​វិញ ​និង​ការបន្ត​បិទ​ខ្ទប់​ផ្នែក​ខ្លះដោយសារ​កូវីដ១៩ នៅ​ប្រទេ​ស​ចិន និង សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ព្រមទាំង​ផល​ប៉ះពាល់​រវាង​ចិន​និង​អាមេរិក​អំពី​ភូមិសាស្ត្រ​នយោបាយ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here